(ឡុងដ៍)៖ ហង្សក្រហម Liverpool នឹងឈ្នះពានដំបូង ស្ថិតក្រោមការបង្វឹករបស់លោក Arne Slot ដែលត្រូវលេងវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី៣ អង់គ្លេស League Cup 2024-25 ទល់នឹងសារិកាព្រៃ Newcastle United នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ។
វានឹងក្លាយជាពានដំបូង នៃរដូវកាលដំបូងផងដែរសម្រាប់បុរសសញ្ជាតិហូឡង់ Slot ដែលបានចូលកាន់តួនាទីនៅ Liverpool តពីលោក Jurgen Klopp ដែលបានលាឈប់ គ្រាដែលសមាជិកលេងនៅលីគកំពូល Premier League ដូចគ្នា Newcastle ក៏រំពឹងបញ្ចប់ការទន្ទឹងរង់ចាំ ៥៦ឆ្នាំ ដោយពុំឈ្នះពានអ្វីដែរ។
ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាម៉ោង ១១៖៣០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា) ហង្សក្រហម លេងក្នុងនាមជាក្រុមការពារតំណែងជើងឯក ដែលពួកគេបានយកឈ្នះគូប្រជែងតោខៀវ Chelsea ក្នុងម៉ោងថែមនារដូវកាលឆ្នាំ២០២៣-២៤ ស្ថិតក្រោមការបង្វឹករដូវកាលចុងក្រោយរបស់លោក Klopp។
Liverpool ទើបតែបានជ្រុះចេញពីកម្មវិធីអឺរ៉ុប UEFA Champions League 2024-25 ក្នុងសប្តាហ៍នេះ ក្រោមថ្វីជើងរបស់ក្រុមជើងឯកលីគបារាំង Paris Saint Germain ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងជាលើកទី២ របស់លោក Eddie Howe ដែលបានដឹកនាំ Newcastle ឡើងផ្តាច់ព្រ័ត្រ League Cup ស្របពេលកាលពី ២ឆ្នាំមុនចាញ់ ពួកគេបានចាញ់បិសាចក្រហម Manchester United៕