(ភ្នំពេញ)៖ ជាគោលការណ៍ នៅពេលអាពាហ៍ពិពាហ៍កើតមានឡើងរមែងបង្កើតបាននូវអានុភាពទាក់ទងនឹងទ្រព្យសម្បត្តិប្តីប្រពន្ធ ។ យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិពីការបែងចែកប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ជា ០២ (ពីរ) ប្រភេទ គឺទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិដោយឡែកក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍នៃទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍ និងអំឡុងពេលអាពាហ៍ពិពាហ៍ ។
ការបែងចែកទ្រព្យសម្បត្តិនេះ បានជួយទប់ស្កាត់ និងបង្ការបញ្ហានានា ដែលអាចកើតមានតាមរយៈចំណងអាពាហ៍ពិពាហ៍ជាពិសេសបទប្បញ្ញត្តិទាក់ទងនឹងទ្រព្យសម្បត្តិដោយឡែក បានកំណត់នូវសិទ្ធិនានារបស់សហព័ទ្ធលើទ្រព្យសម្បត្តិ ក្នុងនោះរួមមានកម្មសិទ្ធិ និងការគ្រប់គ្រងលើទ្រព្យសម្បត្តិជាដើម ។
តើអ្វីជាទ្រព្យសម្បត្តិដោយឡែកដែលកំណត់ដោយច្បាប់? តើច្បាប់បានផ្តល់សិទ្ធិដូចម្តេចខ្លះចំពោះសហព័ទ្ធ លើទ្រព្យសម្បត្តិដោយឡែករបស់ខ្លួនក្នុងចំណងអាពាហ៍ពិពាហ៍?
ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី ទ្រព្យសម្បត្តិដោយឡែកដែលកំណត់ដោយច្បាប់ មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
ទ្រព្យសម្បត្ដិដោយឡែកដែលកំណត់ដោយច្បាប់ ជាទ្រព្យដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់ ក្នុងនោះរួមមាន៖
*ទ្រព្យសម្បត្ដិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហពិពាហ៍ សំដៅដល់ទ្រព្យសកម្ម និងទ្រព្យអកម្មទាំងឡាយណាដែលសហព័ទ្ធ (ប្តី ឬប្រពន្ធ) មានមុនពេលនៅមុនពេលរៀបអាពាហ៍ពិពាហ៍ ។
*ទ្រព្យសម្បត្ដិ ដែលសហព័ទ្ធទទួលបាន ដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ សំដៅដល់ទ្រព្យសម្បត្តិទាំងឡាយណាដែលសហព័ទ្ធទទួលបានដោយចំពោះក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។ ទ្រព្យសម្បត្តិទទួលបានតាមរយៈប្រទានកម្ម ដែលជាកិច្ចសន្យាមួយដែលមានអានុភាព ដោយភាគីម្ខាង ហៅថាទាយក បង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀត ហៅថា បដិគា្គហក បង្ហាញឆន្ទៈយល់ព្រមទទួលយកនូវទ្រព្យសម្បត្តិនោះ ។ រីឯទ្រព្យសម្បត្តិទទួលបានតាមរយៈសន្តតិកម្ម ដែលជាការផ្ទេរនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនទៅឱ្យសន្តតិជនម្នាក់ ឬច្រើននាក់ តាមឆន្ទៈ ឬតាមច្បាប់ ។ ចំពោះទ្រព្យសម្បត្តិទទួលបានតាមរយៈអច្ច័យទាន គឺជាប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមតកសាសន៍ ដែលសហព័ទ្ធណាម្ខាងទទួលបានទ្រព្យទាំងនេះក្នុងអំឡុងពេលនៃអាពាហ៍ពិពាហ៍ ។
*ទ្រព្យសម្បត្ដិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្ដិដែលបានរៀបរាប់ខាងលើ ដោយបង្កើតឱ្យមានតម្លៃតបតាមរយៈការលក់ ឬការដូរ ជាដើម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ នោះទ្រព្យសម្បត្តិដែលជាតម្លៃតប គឺជាទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ធនោះដដែល ។
ឧទាហរណ៍៖ ក្រោយពី លោក “ក” បានរៀបអាពាហ៍ពិពាហ៍រួច ម្តាយរបស់លោក “ក” បានធ្វើប្រទានកម្មនូវផ្ទះមួយល្វែងឱ្យរូបគាត់ ហើយគាត់បានយកផ្ទះនោះទៅលក់ឱ្យលោក “ខ” ត្រង់នេះបញ្ជាក់ថា ប្រាក់ដែលបានពីការលក់ផ្ទះនេះ គឺជាតម្លៃតប ដែលបានមកពីការចាត់ចែងទ្រព្យសម្បត្ដិតាមរយៈការលក់របស់លោក “ក” ។
គួរកត់សម្គាល់ផងដែរថា ទ្រព្យសម្បត្តិដោយឡែកក្នុងរូបភាពជាប្រាក់ ងាយនឹងបង្កឱ្យមានការភ័ន្តច្រឡំជាមួយនឹងទ្រព្យសម្បត្តិរួមណាស់ ហេតុដូចនេះ តម្រូវឱ្យមានភស្តុតាងបញ្ជាក់ ប្រសិនបើមិនមានភស្តុតាងថា ប្រាក់ដែលជាទ្រព្យសម្បត្តិដោយឡែកនោះទេ ភាគច្រើននឹងត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិរួម។ ជាពិសេស នៅពេលដែលសហព័ទ្ធប្រើប្រាស់ប្រាក់ដែលជាទ្រព្យសម្បត្តិដោយឡែក ទៅទិញវត្ថុអ្វីមួយ នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ គឺពិតជាមានភាពពិបាកក្នុងការកត់សម្គាល់ និងរកភស្តុតាងមកបញ្ជាក់ថា ប្រាក់ថ្លៃទិញវត្ថុដែលយកទៅប្រគល់ឱ្យអ្នកលក់ គឺជាទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ធតែម្ខាងណាបានឡើយ ។ ករណីនេះ យោងតាមសេចក្តីកំណត់ចំពោះមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី វាជាការល្អក្នុងការធ្វើជាបញ្ជីទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ជាមុនថា តើទ្រព្យណាខ្លះជាទ្រព្យសម្បត្តិដោយឡែក ហើយទ្រព្យណាខ្លះជាទ្រព្យសម្បត្តិរួម ។
ទន្ទឹមនឹងការចាត់ចែង ប្រើប្រាស់ និងអាស្រ័យផលនូវទ្រព្យសម្បត្តិដោយឡែករបស់ខ្លួនដោយសេរី ច្បាប់បានផ្តល់សិទ្ធិអាស្រ័យនៅសម្រាប់សហព័ទ្ធ នៅលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ធម្ខាងទៀត កាលបើអចលនវត្ថុនោះ ត្រូវបានប្រើប្រាស់សម្រាប់ជាការអាស្រ័យនៅរបស់គ្រួសារ ដោយច្បាប់បានផ្តល់សិទ្ធិមួយដែលសហព័ទ្ធអាចអះអាងបានចំពោះគ្រប់បុគ្គលទាំងអស់ ទោះបីជាមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុឱ្យទៅតតិយជនរួចហើយក៏ដោយ។ ក្នុងករណីនេះ ទោះបីជាសហព័ទ្ធម្ខាងទៀតបានចាត់ចែងអចលនវត្ថុនោះក៏ដោយ ក៏សហព័ទ្ធអាចបន្ដអាស្រ័យនៅអចលនវត្ថុនោះបានដែរ លើកលែងតែអ្នកទាំងពីរបានរំលត់ចំណងអាពាហ៍ពិពាហ៍ ។
សរុបមក ក្នុងប្រព័ន្ធទ្រព្យសម្បត្តិដែលច្បាប់បានកំណត់ ទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ធ ជាទ្រព្យសម្បត្តិ
សហព័ទ្ធ ណាម្នាក់មាននៅមុនពេលរៀបអាពាហពិពាហ៍ ជាទ្រព្យសម្បត្តិសហព័ទ្ធទទួលបាន ដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ និងជាទ្រព្យសម្បត្ដិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្ដិខាងលើ ហើយច្បាប់បានផ្តល់សិទ្ធិស្នើគ្នាដល់សហព័ទ្ធម្នាក់ៗក្នុងការចាត់ចែង ប្រើប្រាស់ និងអាស្រ័យផលនូវទ្រព្យសម្បត្តិដោយឡែករបស់ខ្លួនដោយសេរី ក្នុងទំហំដែលច្បាប់បានកម្រិត រួមផ្សំជាមួយករណីលើកលែងមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។ តាមរយៈការបែងចែករវាងទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិដាច់ដោយឡែក ច្បាប់បានផ្តល់នូវលក្ខខណ្ឌច្បាស់លាស់ក្នុងការគ្រប់គ្រង និងការបែងចែកទ្រព្យសម្បត្តិ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងការពារផលប្រយោជន៍របស់សហព័ទ្ធ ក្នុងករណីមានជម្លោះ ឬមានការរំលាយចំណងអាពាហ៍ពិពាហ៍ជាដើម ។
រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងកញ្ញា សាន់ រតនា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ president@cicfirm.comគេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕