(ឡុងដ៍)៖ នៅទីបំផុត ក្តីស្រមៃប្រាថ្នាឈ្នះពាន៣ ក្នុង ១រដូវកាលដូចទៅនឹង Manchester United និង Manchester City របស់ហង្សក្រហម Liverpool ត្រូវបានរលាយបាត់ត្រឹមយប់ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥។
ក្រុមខ្លាំងប្រចាំទីក្រុង Liverpool ប្រទេសអង់គ្លេសមួយនេះ បានរងបរាជ័យក្រោមថ្វីជើងសារិកាព្រៃ Newcastle United សមាជិកលេងនៅ Premier League ដូចគ្នា ដោយលទ្ធផល ២-១ ផ្តាច់ព្រ័ត្រ League Cup ដែលមានរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ក្រោយពេលហាលអាវពី UEFA Champions League 2024-25 ក្រោមថ្វីជើងរបស់ Paris Saint Germain វគ្គ ១៦ក្រុម។
Newcastle បានបញ្ចប់ការទន្ទឹងរង់ចាំ ក្នុងរយៈពេល ៥៦ឆ្នាំ ដើម្បីឈ្នះពាន និងជាលើកដំបូងផងដែរ ស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe ដែលបានលេងវគ្គផ្តាច់ព្រ័ត្រ League Cup ជាលើកទី២ ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ។
ជាមួយគ្នានោះ ក្តីរំពឹងថានឹងឈ្នះពានដំបូងជាមួយហង្សក្រហម Liverpool ពីសំណាក់លោក Arne Slot ក៏ត្រូវបានរលាយផងដែរ ដែលមិនអាចការពារពានលំដាប់ទី៣ អង់គ្លេស ដែលពួកគេបានឈ្នះរដូវកាលមុនដោយភាពតានតឹងបំផុតក្នុងម៉ោងថែមទល់នឹងតោខៀវ Chelsea ដែលជាកេរដំណែលតពីលោក Jurgen Klopp មុនពេលចាកចេញ។
ក៏ប៉ុន្តែ Liverpool នៅសល់ពានលីគអង់គ្លេស Premier League មួយទៀត ដែលត្រូវប្រជែង ស្របពេលកំពុងនាំមុខដាច់ ១២ពិន្ទុ ពីក្រុមលេខ២ Arsenal ដោយនៅសល់ ៩ប្រកួតទៀត៕