(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្ដេជ្ញាខិតខំប្រឹងប្រែងរៀបចំ និងពង្រឹងការប្រកួតជើងឯកថ្នាក់ជាតិ ក៏ដូចជាព្យាយាមបញ្ជ្រាបការចូលរួមប្រកួតលើឆាកអន្ដរជាតិ ដែលជាគោលដៅសំខាន់របស់សហព័ន្ធ ក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធ ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

ប្រធានសហព័ន្ធស្ដីទីខាងលើ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ កាលពីឆ្នាំ២០២៤ ពិសេសការចូលរួមប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង នៃព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ ដែលកម្ពុជាដណ្ដើមបានមេដាយរហូតដល់ ៤០គ្រឿង។ នេះគឺជាសមិទ្ធផលគួរជាទីពេញចិត្តមួយ ក្នុងនាមសហព័ន្ធក្មេងខ្ចី សម្រាប់ការប្រកួតលក្ខណៈអន្ដរជាតិ។

សម្រាប់ទិសដៅឆ្នាំ២០២៥ វិញ សហព័ន្ធមានគោលដៅធំៗចំនួន ២ ដែលប្ដេជ្ញាសម្រេចឲ្យបានតាមផែនការ ទី១.គម្រោងបញ្ជូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ី។ ទោះបីបេសកកម្មនេះ មិនទាន់ច្បាស់ពីទំហំប៉ុន្មាន ឬក្ដីរំពឹងដណ្ដើមមេដាយ តែអ្វីដែលសំខាន់ គឺការចូលរួម ដើម្បីបង្ហាញឲ្យអន្ដរជាតិបានឃើញសកម្មភាព និងវឌ្ឍនភាពកីឡាហាប់គីដូកម្ពុជា។

ទី២-ការរៀបចំជើងឯកថ្នាក់ជាតិ លើកទី៣ ដើម្បីចម្រាញ់ធនធានឆ្នើមៗ ជាមួយការប្ដេជ្ញាពង្រឹងបច្ចេកទេសរៀបចំ និងការវាយតម្លៃឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ទន្ទឹមជាមួយគ្នាលោក គួច ហុងជៀក ក៏បានអំពាវនាវដល់វិស័យឯកជន និងសប្បុរសជននានា សូមចូលរួមជួយដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីឲ្យសហព័ន្ធមានធនធានថវិកា សម្ភារ ក្នុងការបណ្តុះបណ្តាលគ្រូបង្វឹកចៅក្រម និងអាជ្ញាកណ្តាល ពិសេសគឺជួយផ្តល់លទ្ធភាពឲ្យសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីនៅចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងដណ្តើមយកមេដាយមកជូនជាតិ ដ្បិតលោកចាត់ទុកថា វិស័យឯកជន និងសប្បុរសជន គឺជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍវិស័យកីឡា។

ជាមួយគ្នា លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានបង្ហាញនូវសមិទ្ធផលជាវិជ្ជមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសឆ្នាំ២០២៤ កីឡាហាប់គីដូកម្ពុជា បានបង្ហាញនូវសក្ដានុពលរបស់ខ្លួន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពាក់ព័ន្ធ រហូតសហព័ន្ធមានឱកាសបញ្ជូនអត្តពលិកចូលរួមប្រកួតអន្ដរជាតិលើកដំបូង ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៤ នៅថៃ ដោយកម្ពុជា ដណ្ដើមបានមេដាយ ៤០គ្រឿង (មាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥) ដែលធ្វើឲ្យអន្ដរជាតិមានការភ្ញាក់ផ្អើល និងកោតសរសើរ ក្នុងនោះក៏ទទួលបានការអបអរសាទរដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ៕