(បរទេស)៖ យោងតាមការចេញផ្សាយនៅលើគេហទំព័រ Chronicle របស់អង់គ្លេសបានឱ្យដឹងថា ម្ចាស់ជើងឯកពានរង្វាន់ League Cup 2024-25 ទទួលបានរង្វាន់អមជាទឹកប្រាក់ចំនួន ១០ម៉ឺនផោន ស្របពេលហង្សក្រហម Liverpool ដែលជាជើងឯករងនោះ ទទួលបាន ៥០,០០០ផោនត្រឡប់ទៅផ្ទះវិញ។

តែយ៉ាងណា ប្រភពខាងលើមិនបានបង្ហើបច្បាស់ពីប្រាក់រង្វាន់ផ្សេងៗទៀត ដែលក្លិបចូលរួមនីមួយៗទទួលបាននោះទេ គ្រាន់តែបញ្ជាក់ថា ពាននេះមានលក្ខណៈតូចជាងគេរបស់អង់គ្លេសដែលមានជារៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងកម្មវិធី FA Cup និង Premier League ជាដើម។

ឆ្លងតាមជ័យជម្នះនៅកីឡដ្ឋាន Wembley យប់មិញនេះ មានន័យថា លោក Eddie Howe បានក្លាយជាអ្នកចាត់ការទូទៅអង់គ្លេសដំបូងគេ នៃការឈ្នះពានក្នុងស្រុក គិតចាប់តាំងពីលោក Harry Redknapp ដែលធ្លាប់លើកពាន FA Cup កាលឆ្នាំ២០០៨ កាលដឹកនាំ Portmouth ហើយលោក Joe Harvey ធ្វើបានលទ្ធផលដូចគ្នានេះ ជាមួយនឹង Newcastle United ក្នុងរដូវកាលឆ្នាំ១៩៦៨-៦៩។

ជាការកត់សម្គាល់ផងដែរ League Cup ១១សម័យកាលចុងក្រោយនេះ ក្រុមខ្លាំងប្រចាំទីក្រុង Manchester រួមមាន United និង City គ្រប់គ្រងបាន ៧លើក Chelsea ១លើក Liverpool ២លើក និងចុងក្រោយនេះ ឆ្នាំ២០២៥ Newcastle United៕