(ភ្នំពេញ)៖ ធនាគារ វីង លើកទឹកចិត្តទៅដល់សិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ចាប់ផ្តើមដាក់ពាក្យចូលរួមកម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការ ដើម្បីទទួលបានចំណេះដឹងអនុវត្តជាក់ស្តែង ជំនាញ និងឱកាសការងារ ដែលអាចជួយអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ធនាគារ វីង (ខេមបូឌា) ម.ក មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់សាធារណជនអំពីការជ្រើសរើសយុវជនជាង៤០០នាក់ នៅទូទាំងប្រទេសកម្ពុជា ដាក់ពាក្យចូលរួមដោយឥតគិតថ្លៃក្នុងកម្មវិធី «អភិវឌ្ឍន៍អ្នកហាត់ការ» របស់ធនាគារ វីង ចាប់ពីថ្ងៃនេះផ្សាយដំណឹងនេះតទៅ។
កម្មវិធីនេះមានគោលបំណងជួយកសាងធនធានយុវជនកម្ពុជាឱ្យមានសមត្ថភាពគ្រាប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការបណ្តុះបណ្តាល និងអនុវត្តការងារដោយផ្ទាល់នៅធនាគារ វីង ដែលជាគ្រឹះដ៏សំខាន់ក្នុងការតម្រង់ទិសដៅសម្រាប់អាជីពការងាររបស់ពួកគេនាពេលអនាគត ហើយជាពិសេសក្រោយបញ្ចប់វគ្គសិក្សាដោយជោគជ័យ សិក្ខាកាមនឹងទទួលបានឱកាសការងារជាបុគ្គលិកពេញសិទ្ធនៅធនាគារ វីង ថែមទៀតផង។
តាមរយៈកម្មវិធីដែលមានរយៈពេល០៦ខែនេះ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលជំនាញទន់ ជំនាញបច្ចេកទេសទាក់ទងនឹងមុខតំណែង និងការអនុវត្តការងារដោយផ្ទាល់ជាមួយគ្រូបង្វឹកដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់។ កម្មវិធីនេះផ្តោតលើតួនាទីជាច្រើនដូចជា បុគ្គលិកផ្នែកប្រឹក្សាសេវាធនាគារ បុគ្គលិកប្រតិបត្តិការនៅតាមសាខា បេឡាករ មន្ត្រីផ្នែកសេវាកម្មអតិថិជន មន្ត្រីប្រឹក្សាសេវាកម្មអតិថិជន និងមន្ត្រីផ្នែកវិភាគទិន្នន័យ ជាដើម។
ធនាគារ វីង នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែទៅដល់សិក្ខាកាមដើម្បីទំនុកបម្រុងលើការសិក្សា និងចំណាយផ្សេងៗលើការរស់នៅ ក៏ដូចជាអត្ថប្រយោជន៍ពីកញ្ចប់ធានារ៉ាប់រងរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផងដែរ។ បន្ថែមពីនេះ ធនាគារ វីង ក៏នឹងផ្តល់ជូននូវប្រាក់ឧបត្ថម្ភលើកទឹកចិត្តសម្រាប់ការចំណាយថ្លៃធ្វើដំណើរ និងផ្តល់កន្លែងស្នាក់នៅសមរម្យ ដើម្បីអាចធានាបានថាអ្នកហាត់ការទាំងអស់អាចផ្តោតអារម្មណ៍ទាំងស្រុងលើការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។
លើសពីការអភិវឌ្ឍជំនាញ ធនាគារ វីង ក៏នឹងសិក្សាទៅលើលទ្ធភាពបន្ថែមទៅដល់អ្នកហាត់ការដូចជា ការផ្តល់ជូនកម្ចីសម្រាប់ការសិក្សាបន្តនៅតាមសកលវិទ្យាល័យ និងកម្ចីសម្រាប់ទិញម៉ូតូ ដើម្បីជួយសិក្ខាកាមអាចសម្រេចបាននូវសក្តានុពលពេញលេញទាំងការអភិវឌ្ឍសមត្ថភាព និងអាជីពការងារ។
ដើម្បីចូលរួមក្នុងកម្មវិធីនេះ បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ហើយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (ជាប់បាក់ឌុប) ឫជានិសិត្សកំពុងបន្តការសិក្សានៅសកលវិទ្យាល័យនានា កម្មវិធីនេះដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ សិទ្ធិអទិភាពនឹងត្រូវផ្តល់ជូនបេក្ខជនដែលមានស្ថានភាពលំបាក ដោយធានាបានថាយុវជនមកពីគ្រួសារខ្វះខាតមានឱកាសជោគជ័យ និងអនាគតភ្លឺស្វាងដូចយុវជនដទៃទៀតដែរ។
យុវជននៅទូទាំង២៥ រាជធានី-ខេត្ត អាចដាក់ពាក្យជ្រើសរើសនូវតំណែងណាមួយដែលស័ក្តិសមតាមចំណង់ចំណូលចិត្ត ក្នុងចំណោម៤០០នោះ។ ចំពោះដំណើរការនៃការទទួលពាក្យ និងជ្រើសរើសបេក្ខជន ធនាគារ វីង នឹងចុះដោយផ្ទាល់ទៅកាន់គ្រប់ខេត្ត-ក្រុង ហើយដើម្បីសម្រួលភាពងាយស្រួល បេក្ខជនទាំងអស់ក៏អាចដាក់ពាក្យតាមអនឡាញបានផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR Code ខាងក្រោម ឬទាក់ទងក្រុមការងារនៃនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង តាមរយៈទូរសព្ទលេខ ០៧៨ ៧០៩ ៦០៦។ សម្រាប់បច្ចុប្បន្នភាពជាបន្តបន្ទាប់របស់កម្មវិធី សូមតាមដានទំព័រ Facebook និង ឆានែល Telegram របស់ Wingers Life and Careers។
ស្គែនទីនេះដើម្បីដាក់ពាក្យ៖