(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅរសៀលថ្ងៃចន្ទនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយគ្នា ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Gò Đậu ខេត្ត Binh Duong នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ ខណៈគ្រូបង្វឹកកម្ពុជា លើកឡើងថា នឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការប្រកួតអន្ដរជាតិនេះ ។
មុនដឹកនាំកូនក្រុមចាកចេញពីភ្នំពេញ លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានលើកឡើងថា ការប្រមូលផ្ដុំហាក់មិនអំណោយផល ស្របពេលកម្ពុជាមិនទាន់មានសមត្ថភាពអាចយកឈ្នះក្រុមខ្លាំងវៀតណាម ១០០% តែលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការប្រកួតអន្ដរជាតិនេះ ។
លោក Koji បញ្ជាក់ថា «សម្រាប់ការប្រកួតជាមួយវៀតណាម វាជារឿងល្អសម្រាប់យើង ព្រោះវៀតណាមជាក្រុមខ្លាំង ។ ចំពោះការរៀបចំ យើងរៀបចំអត់សូវបានល្អទេ ដោយសារកីឡាកររបស់យើង អត់បានហ្វឹកហាត់ជុំគ្នាទេ ដោយសារហូតដល់ម្សិលមិញ ដែលជាថ្ងៃចុងក្រោយ ក៏យើងមិនបានហ្វឹកហាត់ជុំគ្នាទៀត»។
លោកបន្តថា «អ៊ីចឹងអ្វីដែលយើងព្យាយាម យើងនឹងព្យាយាមធ្វើឲ្យបានល្អ ហើយសង្ឃឹមថា កីឡាកររបស់យើង នឹងទទួលបានបទពិសោធន៍ច្រើន សម្រាប់ការប្រកួតលើកនេះ ដោយសារដៃគូប្រកួតរបស់យើងជាក្រុមខ្លាំង» ។
គ្រូបង្វឹកជនជាតិជប៉ុន បន្ថែមបែបសប្បាយៗថា «បើសិនជាឈ្នះ គឺយើងជាជើងឯកអាស៊ីអាគ្នេយ៍ហើយ ព្រោះវៀតណាម គឺជាក្រុមជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤/២៥ ។ យើងមិនទាន់មានសមត្ថភាពដែលអាចថា នឹងឈ្នះ ១០០% តែយើងនឹងព្យាយាមធ្វើឲ្យពីសមត្ថភាពនូវការប្រកួតមួយនេះ» ។
គួរដឹងថា ក្រោយជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជើងឯកប្រចាំតំបន់ខាងលើ ក្រុមគោព្រៃកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអារូបា មកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕