(បរទេស)៖ ថ្មីៗនេះប្រទេសថៃបានអនុម័តការវិនិយោគចំនួន ៩០.៩ ពាន់លានបាត (ប្រហែល ២.៧ ពាន់លានដុល្លារ) នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម cloud ដែលជាការបន្ថែមចុងក្រោយបំផុតចំពោះវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
ក្រុមប្រឹក្សាវិនិយោគប្រទេសថៃបានឱ្យដឹងថា គម្រោងទាំងនោះរួមមានមជ្ឈមណ្ឌលទិន្នន័យពីក្រុមហ៊ុន Beijing Haoyang Cloud & Data Technology របស់ប្រទេសចិន ក្រុមហ៊ុន Empyion Digital ដែលមានមូលដ្ឋាននៅសិង្ហបុរី និងក្រុមហ៊ុនថៃ GSA Data Center 02។ តាមការបញ្ជាក់ក្រុមហ៊ុនចិន Haoyang គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យទំហំ 300 មេហ្គាវ៉ាត់ដែលមានតម្លៃប្រមាណ ៧២.៧ពាន់លានបាត ខណៈដែលក្រុមហ៊ុនក្នុងស្រុកថៃ GSA 02 មានបំណងបង្កើតមជ្ឈមណ្ឌលទិន្នន័យទំហំ ៣៥ មេហ្គាវ៉ាត់ ជាមួយនឹងការវិនិយោគចំនួន ១៣.៥ ពាន់លានបាត។
ការអនុម័តនេះ ស្របតាមយុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដែលគាំទ្រដោយគំនិតផ្តួចផ្តើមដូចជា Thailand 4.0 និង Eastern Economic Corridor (EEC) ដែលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងបទប្បញ្ញត្តិសាមញ្ញដើម្បីទាក់ទាញការវិនិយោគ។ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាងខ្លាំងជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ១២.៦៦% ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដែលឈានដល់តម្លៃទីផ្សារចំនួន ៣.១៩ ពាន់លានដុល្លារនៅឆ្នាំ២០៣០។
គួរជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon Web Services និង Google ក៏បានធ្វើការបណ្តាក់ទុនយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដោយពង្រឹងជំហររបស់ប្រទេសនេះក្នុងនាមជាតួអង្គសំខាន់នៅក្នុងទីផ្សារមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ផងដែរ។ លើសពីនេះមានក្រុមហ៊ុនដូចជា មេធំរបស់ TikTok គឺ ByteDance និង Microsoft ក៏បានប្រកាសគ្រោងវិនិយោគក្នុងប្រទេសនេះផងដែរ៕