(ភ្នំពេញ)៖ ការប្រកួតដណ្តើមពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់ស៊ី AFC Champions League Elite 2024-25 សម្រាប់គូដែលត្រូវប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយត្រូវបានរកឃើញហើយ បន្ទាប់ពីការរៀបចំចាប់ឆ្នោតក្នុងរូបមន្តថ្មីនៃការប្រកួតរវាងក្រុមមកពីតំបន់អាស៊ីខាងលិច ទល់នឹងក្រុមអាស៊ីខាងកើត ។
សម្រាប់វគ្គ ៨ក្រុននេះឃើញថា ក្រុមដែលមានវត្តមានកំពូលជើងស៊ុតលំដាប់ពិភពលោក Cristiano Ronaldo នឹងជាប្រធានក្រុម Al-Nassr ត្រូវប៉ះក្រុមមកពីលីគជប៉ុន Yokohama F. Marinos ដែលជាជើងឯករងរដូវកាលមុន ហើយក្រុមមកពីលីគកាតា Al-Sadd ប៉ះក្រុម Kawasaki Frontale ។
ជាមួយគ្នានេះ ក្រុម Al-Hilal ជួបតទល់នឹងក្រុមកូរ៉េខាងត្បូង Gwangju គ្រាដែលក្រុម Al-Ahli ជួបក្រុមស្ថិតក្នុងតំបន់អាស៊ាន Buriram United ។ ដ្បិតស្ថិតក្នុងចំណោមក្រុមទាំង ៨នេះ មានតែក្រុម Al-Hilal ជាក្រុមជើងឯកពាននេះ ៤សម័យកាលច្រើនជាងគេ និងក្រុម Al-Sadd គឺធ្លាប់ឈ្នះពាន ២លើក ។
សម្រាប់ការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមេសាដដែល ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ King Abdullah Sports City នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ៕