(បរទេស)៖ ការនាំចេញស្មាតហ្វូនម៉ាកបរទេស រួមទាំងក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះប្រមាណ ២១% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យដែលបានចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
យោងតាមទិន្នន័យពីបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ការនាំចេញស្មាតហ្វូនម៉ាកបរទេសនៅក្នុងប្រទេសចិន បានថយចុះមកនៅត្រឹម ៤.៣៩៨ លានគ្រឿងពីចំនួន ៥.៥៤២លានគ្រឿងកាលពីឆ្នាំ២០២៤។ ក្នុងនាមជាក្រុមហ៊ុនផលិតទូរស័ព្ទបរទេសធំជាងគេនៅក្នុងប្រទេសចិន ដំណើរការរបស់ក្រុមហ៊ុន Apple ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិន្នន័យរួម លើការនាំចេញស្មាតហ្វូនម៉ាកបរទេសនៅក្នុងប្រទេសចិន។ ពោលគឺប្រសិនបើការនាំចេញរបស់ iPhone ធ្លាក់ចុះនោះវានឹងទាញទិន្នន័យស្មាតហ្វូនប្រទេសចិនធ្លាក់ចុះទាំងមូលផងដែរ។
គួរជម្រាបថា ការលក់ស្មាតហ្វូនសរុបក្នុងប្រទេសចិនបានធ្លាក់ចុះ ១៤.៣% មកនៅត្រឹម ២៧.២៤លានគ្រឿងក្នុងខែមករា នេះបើយោងតាមទិន្នន័យរបស់ CAICT៕