(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) ដោយបានចាត់ទុកជាទុនមួយ ក្នុងការជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅទីតាំង Factory នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពិសេសជនបរទេស ដែលបានចូលរួមទស្សនាផ្ទាល់កម្មវិធីនេះ។

ប្រធានសហព័ន្ធខាងលើបន្ដថា «ខ្ញុំគិតថា ជារឿងល្អសម្រាប់សហព័ន្ធ និងការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត ក៏ដូចជាប្រដាល់សកលអាជីព ក្នុងនោះក៏មានការប្រកួតគុនខ្មែរដែរ ដោយមានគាំទ្រច្រើន ពិសេសអ្នកគាំទ្រជនជាតិបរទេស ដែលជាការបំផុសលនូវចលនានៃកីឡារបស់យើងជារួម ដោយឡែកសម្រាប់កីឡាប្រដាល់សកលផងដែរ»

លោកបន្ដថា «ទោះបីការប្រកួតនេះ មិនទាន់ធំ តែការរៀបចំភាគច្រើនជាជនបរទេស ដែលមានបទពិសោធន៍ និងជំនាញក្នុងការផ្សព្វផ្សាយ ។ ដូច្នេះយើងសង្កេតឃើញ វាជាទុនមួយ ដែលសហព័ន្ធយើង បានសហការជាមួយដៃគូ ដើម្បីបំផុសការប្រកួតឲ្យបានច្រើន សម្រាប់ជាទុនដល់កីឡាករ-កីឡាការិនីឈានទៅរកការប្រកួតកម្រិតជាតិ និងអន្ដរជាតិ ក៏ដូចជាត្រៀមរៀបចំកម្មវិធីឲ្យកាន់តែមានលក្ខណៈអាជីពនាថ្ងៃអនាគត»

គួរដឹងថា កម្មវិធីអន្តរក្លិបបានប្រព្រឹត្តទៅជារឿយៗ ដោយមានការចូលរួមពីកីឡាករក្នុងស្រុក និងបរទេស ទាំងអ្នកស្ម័គ្រចិត្ត និងលក្ខណៈអាជីពបានចូលរួមការប្រកួតបញ្ចេញសមត្ថភាព ក៏ដូចជាត្រៀមសម្រាប់កីឡាករអាជីពបានចូលរួមប្រកួតអន្តរជាតិតំណាងប្រទេសនាពេលខាងមុខ ជាក់ស្ដែងការប្រកួតខាងលើ ក៏មានគូមិត្តភាពអន្ដរជាតិកម្រិតអាជីពផងដែរ ដោយកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា Anvar Nasredinov ដោយបានយកឈ្នះកីឡាករនីហ្សេរីយ៉ា Johnson Mozambioue ដោយពិន្ទុ៕