(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alphabet កំពុងត្រៀមក្នុងការបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនតៃវ៉ាន់ MediaTek ក្នុងការផលិតបន្ទះឈីប AI ជំនាន់ថ្មី ដែលមានឈ្មោះថា Tensor Processing Units ដែលនឹងផលិតឡើងនៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃចន្ទ ដោយមានការអះអាងពីអ្នកដឹងពីគម្រោង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន​ Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

យ៉ាងណាមិញ, Google មិនបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយក្រុមហ៊ុន Broadcom ដែលជាអ្នករចនាបន្ទះឈីប ដែលខ្លួនបានធ្វើការងារជាមួយ លើការផលិតបន្ទះឈីប AI អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនោះទេ។ នេះបើតាមរបាយការណ៍បានឱ្យដឹង ដោយមានការអះអាងពីបុគ្គលិក នៅឯក្រុមហ៊ុន Broadcom។

ក្រុមហ៊ុន Google, MediaTek និង Broadcom ភ្លាមៗនេះមិនបានឆ្លើយតបនឹងការស្នើសុំបកស្រាយរបស់ Reuters បានទេ។

របាយការណ៍ព័ត៌មាន បានបញ្ជាក់ថា ក្រុមហ៊ុន Google បានជ្រើសរើសក្រុមហ៊ុន Media Tek ធ្វើជាដៃគូ ដោយសារតែក្រុមហ៊ុនតៃវ៉ាន់នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន TSMC ហើយគិតតម្លៃតិចជាង ក្នុងមួយបន្ទះឈីប បើប្រៀបធៀបនឹងក្រុមហ៊ុន Broadcom៕