(បរទេស)៖ Lionel Messi នឹងខកខាន ២ប្រកួតជាមួយពពកសអាហ្សង់ទីន លេងទល់នឹងអ៊ុយរូហ្គាយ និងប្រេស៊ីល ជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន ដោយសារបញ្ហារបួសសាច់ដុំកាលពីថ្ងៃអាទិត្យ។
ប្រធានក្រុមពាក់លេខ១០ វ័យ ៣៧ឆ្នាំ បានចូលលេងក្នុងក្រុម Inter Miami FC នៃលីគកំពូលអាមេរិក Major League Soccer ដែលរួមចំណែករកបាន ១គ្រាប់ផងដែរពេលឈ្នះ Atlanta United ២-១ ក្នុងប្រកួតដែលត្រូវបានរាយការណ៍ថា Messi បានជួបបញ្ហារបួសផងដែរ។
ក្រោយមក Inter ក៏បានជូនដំណឹងថា អតីតម្ចាស់ពានបាល់មាស Ballon d’Or ៨សម័យកាលរូបនេះ មានបញ្ហារបួសតិចតួចទាក់ទងនឹងសាច់ដុំរបស់គេ។
ទន្ទឹមគ្នានោះ អាហ្សង់ទីន ម្ចាស់ជើងឯកចុងក្រោយគេ World Cup 2022 នៅប្រទេសកាតា ក៏ពុំមានវត្តមានខ្សែប្រយុទ្ធ Paulo Dybala រួមទាំងខ្សែការពារ Gonzalo Montiel មកពី River Plate ដែរ ស្របពេលខាងសាំបាប្រេស៊ីលវិញ ក៏មានវត្តមានខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Neymar ផងដែរ ក្នុងប្រកួតជម្រុះ World Cup 2026 ក្នុងខែមីនានេះ៕