(វ៉ាស៊ីនតោន)៖ ប្រភេទកីឡាប្រដាល់ នឹងនៅតែបន្តឈរជើងក្នុងព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិករដូវក្តៅដដែល ជាពិសេសនៅ LA 2028 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។
នេះមានន័យថា ប្រភេទកីឡាប្រយុទ្ធឈឺសាច់មួយនេះ នឹងនៅតែមានវត្តមានប្រកួតប្រជែងមេដាយ ក្នុងកម្មវិធីធំលំដាប់ពិភពលោករៀងរាល់ ៤ឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ១៩០៤ មក។
នៅចាំបានថា ប្រដាល់បានស្ថិតក្នុងប្រភេទកីឡាជាច្រើនទៀត ដែលត្រូវបានប្រកាសដកចេញពី LA 2028 ក៏ប៉ុន្តែកាលពីខែមុន សហព័ន្ធប្រដាល់ពិភពលោកបានទទួលស្គាល់ ក្នុងការដាក់បញ្ចូលកីឡានេះទៅក្នុងអូឡាំពិកវិញ ដោយរង់ចាំសេចក្តីសម្រេចចុងក្រោយពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ប៉ុណ្ណោះ ដែលមានលោក Thomas Bach ជាប្រធាន។
ទាក់ទិននឹងបញ្ហានេះ លោក Bach បានថ្លែងឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ក្រោយពេលទទួលការឯកភាពពី World Boxing នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ជាលទ្ធផលវិជ្ជមានក្នុងសម្រេចចិត្ត ដែលញាំងឱ្យអត្តពលិកអាចប្រកួតប្រជែងមេដាយនៅ LA នាពេលខាងមុខ»។
ជាការកត់សម្គាល់ IOC បានដឹកនាំប្រដាល់នៅអូឡាំពិក ២សម័យកាលចុងក្រោយ បន្ទាប់ពីសហព័ន្ធប្រដាល់អន្តរជាតិ ហៅកាត់ថា IBA ត្រូវបានដកបញ្ឈរជើងកាលពីឆ្នាំ២០១៩ ដោយសារបញ្ហាគ្រប់គ្រង បញ្ហាហិរញ្ញវត្ថុ អាជ្ញាកណ្តាល និងបញ្ហាវិន័យផងនោះ៕