(មេនឆេស្ទើ)៖ ក្រុមអ្នកគាំទ្ររបស់ក្លិបបាល់ទាត់អាជីពអង់គ្លេស Manchester United បានបង្ហាញការខកចិត្ត ចំពោះតម្លៃសំបុត្រឡើងថ្លៃចំនួន ៥% ក្នុងរយៈពេល ៣រដូវកាលចុងក្រោយជាប់ៗគ្នា ដែលពុំមានដំណោះស្រាយ ក្រោមហេតុផល ក្លិបជួបប្រទះវិបត្តិហិរញ្ញវត្ថុ។

តំណាងក្រុមអ្នកគាំទ្របិសាចក្រហម (MUST) បានឱ្យដឹង តាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា «ការដំឡើងថ្លៃសំបុត្រចូលទស្សនានេះ តិចជាងការព្រួយបារម្ភជាច្រើន នៅពេលតម្លៃសំបុត្រសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ក៏ត្រូវបានបង្កកផងដែរ»

MUST បានបញ្ជាក់ថា ទាំងនេះគឺបានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ដោយសារក្លិបនៅតែបន្តព្រងើយកន្តើយ ចំពោះតម្លៃសំបុត្រ ចេះតែឡើងថ្លៃឥតឈប់បែបនេះ។

ជាការកត់សម្គាល់ផងដែរ គិតចាប់តាំងពីមាហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe និងក្រុមហ៊ុន Ineos របស់លោកចូលកាន់កាន់ Man Utd កាលពីឆ្នាំទៅមក គឺពួកគេតែងតែព្យាយាមបង្កើនហិរញ្ញវត្ថុក្លិបជានិច្ច តាមរយៈការកាត់ផ្តាច់ចំពោះការចំណាយមិនចាំបាច់ផ្សេងៗ រួមទាំងការរំសាយបុគ្គលិកពេញម៉ោងមួយចំនួនទៀតផង៕