(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ២ពាន់នាក់បានចូលរួម ក្នុងព្រឹត្តិការណ៍ដើរម៉ារ៉ាតុន ពោរពេញ ដោយទឹកចិត្ត រំភើបរីករាយ ដើម្បីបង្ហាញ «ក្ដីស្រឡាញ់សម្រាប់កុមារ» ដែលបានផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន លី ហួរ គ្រុប របស់ លោកអ្នកឧកញ៉ា លី ហួរ។
កម្មវិធីដ៏ពោរពេញទៅដោយអត្ថន័យនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង បរិវេណគម្រោងទី១២ បុរីវិមានភ្នំពេញ ឌឹ សេនត្រល ខាប់ភីថល និងគម្រោងជាច្រើនទៀតរបស់ បុរី វិមានភ្នំពេញ ។ ពីធីនេះ មានការចូលរួមពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។
លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុបបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីដើរម៉ារ៉ាតុន រយៈចម្ងាយ ៥គីឡូម៉ែត្រនេះឡើង គឺដើម្បីរួមគ្នា បង្ហាញក្ដីស្រឡាញ់សម្រាប់ កុមារកម្ពុជា និងគាំទ្រសកម្មភាពសប្បុរសធម៌សម្រាប់ មន្ទីរពេទ្យកុមារអង្គរ ដែលមានអ្នកចូលរួម សរុបជិត ២ពាន់នាក់។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាពលរដ្ឋ រស់នៅក្នុងគម្រោង បុរី វិមានភ្នំពេញ បានលើកឡើងថា សកម្មភាព ដើរម៉ារ៉ាតុន ដើម្បី ក្ដីស្រឡាញ់សម្រាប់កុមារ មិនមែនជាការប្រកួតប្រជែង ដណ្ដើមជ័យលាភីអ្វីឡើយ ប៉ុន្ដែ គឺជាស្មារតីនៃសកម្មភាពសប្បុរសធម៌ ប្រកបដោយទឹកចិត្តស្មោះស សប្បាយរីករាយ និងដើម្បី សុខភាព ទាំងអស់គ្នាផងដែរ។
អ្នកដែលបានចូលរួមនៅក្នុងកម្មវិធីដើរម៉ារ៉ាតុននេះ បានលើកឡើងពីក្ដីរំភើបរីករាយ ដែលបាន ចូលរួមនៅ ក្នុងកម្មវិធីនេះ ដ្បិតវា គឺជាការរធ្វើលំហាត់ប្រាណដើម្បីសុខភាព និងការចែក រំលែកក្ដីស្រឡាញ់ ទៅកាន់កុមារកម្ពុជា តាមរយៈការឧបត្ថម្ភថវិកាសប្បុរសធម៌ទៅកាន់មន្ទីរ ពេទ្យកុមារអង្គរ។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍ ដើរម៉ារ៉ាតុននេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំឡើង តួយ៉ាង ការរៀបចំព្រឹត្តិការណ៍ ដើរម៉ារ៉ាតុន លើកទី១ កាលពីខែធ្នូ ឆ្នាំ ២០២៣ ប្រមូលបានថវិកាសប្បុរសធម៌ជាច្រើន ដោយថវិកាទាំងនោះ ត្រូវបាន ប្រគល់ជូនសម្រាប់មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា៕