(វ៉ាស៊ីនតោន)៖ មេដឹកនាំនយោបាយនៃប្រទេសអៀរឡង់ បានធ្វើការតិះទៀន ចំពោះកីឡាករប្រដាល់ក្នុងទ្រុង UFC គឺលោក Conor McGregor ដែលមិនបាននិយាយពីប្រទេសអៀរឡង់ ក្នុងជំនួបជាមួយប្រធានាធិបសហរដ្ឋអាមេរិក លោក Donald Trump នៅឯសេតវិមានកាលពីថ្ងៃចន្ទ ក្នុងទិវា St Patrick’s Day។

ប៉ុន្តែក្រោយមកភ្លាមៗនោះដែរ McGregor ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកក៏ប្រាប់ពីទុក្ខកង្វល់របស់អៀរឡង់ទៅកាន់លោក Trump ជុំវិញបញ្ហាអន្តោប្រវេសន៍ក្នុងជំនួបនោះដែរ។

ក្នុងជំនួបដែល McGregor បាននាំមិត្តស្រី រួមទាំងកូន ៤នាក់ទៅជួប Trump ដល់ការិយាល័យ Oval នោះ ភាគីទាំងពីរសុទ្ធតែបានសាទរ និងលើកសរសើរពីគ្នាទៅវិញទៅមក ដែលត្រូវបានធ្វើឡើង ក្រោយពេលនាយករដ្ឋមន្រ្តីអៀរឡង់ គឺលោក Micheal Martin ទើបតែជួបសំណេះសំណាលជាមួយលោក Donald Trump នៅសេតវិមាននេះដូចគ្នាកាលសប្តាហ៍មុន។

នៅចាំបានថា អ្នកប្រដាល់រូបនេះ ក៏បានបង្ហាញវត្តមាននៅក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ របស់លោក Donald Trump កាលពីខែមករាផងដែរ៕