(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ MediaTek លើការផលិតបន្ទះឈីបកំណែថ្មីរបស់ខ្លួន Tensor Processing Units ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

របាយការណ៍ពី The Information ដកស្រង់សម្តីបុគ្គលិកបានឱ្យដឹងថា បើទោះបីជា Google កំពុងសម្លឹងមើលដៃគូថ្មីក៏ដោយ ក្រុមហ៊ុនយក្សនេះមិនបានកាត់ផ្តាច់ទំនាក់ទំនងស្អិតរមួតជាមួយនឹង Broadcom ដែលជាអ្នករចនាបន្ទះឈីបដែលបានធ្វើការជាមួយគ្នាផ្តាច់មុខលើបន្ទះឈីប AI ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនោះទេ។ យ៉ាងណាទាក់ទិននឹងករណីនេះ ទាំង Google, MediaTek និង Broadcom មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

វិធីសាស្រ្តនេះ ត្រូវបានគេមើលឃើញថានឹងផ្តល់ឱ្យ Google នូវការប្រកួតប្រជែងក្នុងការប្រណាំង AI ដោយកាត់បន្ថយការពឹងផ្អែកលើ Nvidia ទោះបីជាគូប្រជែងដូចជា OpenAI ដែលគាំទ្រដោយ Microsoft និង Meta Platforms បានឃើញការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីប Nvidia ក៏ដោយ។ ឆ្លើយតបនឹងការប្រកួតប្រជែង កាលពីចុងឆ្នាំមុន Google បានដាក់ចេញ​ TPU ជំនាន់ទីប្រាំមួយរបស់ខ្លួនក្នុងការដេញថ្លៃដើម្បីផ្តល់ឱ្យខ្លួន និងអតិថិជន Cloud របស់ខ្លួននូវជម្រើសជំនួសបន្ទះឈីបរបស់ Nvidia ដែលជា processors ដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅក្នុងឧស្សាហកម្មនេះ។

គូរជម្រាបថា របាយការណ៍ពី The Information បានបន្ថែមទៀតថា គោលបំណងរបស់ Google ក្នុងការចាប់ដៃគូជាមួយនឹង​ MediaTek គឺដោយសារតែក្រុមហ៊ុនតៃវ៉ាន់ដ៏ធំនេះ មានទំនាក់ទំនងខ្លាំងជាមួយនឹង TSMC ហើយគិតថ្លៃ Google តិចជាងមួយបន្ទះឈីបធៀបនឹង Broadcom។ ពោលគឹមានតម្លៃធូរជាងបើធៀបនឹងការផ្តល់ជូនពី Broadcom ដែលវាមានសារៈសំខាន់សម្រាប់ Google ព្រោះក្រុមហ៊ុននេះបន្តវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI៕