(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងដាក់លក់ iPhone 17 Air ជាស្មាតហ្វូនដែលស្តើងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លូន។ តែយ៉ាងណា យោងតាមលោក Mark Gurman បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook ចង់ឱ្យ iPhone ជំនាន់ថ្មីនេះចេញមកដោយមិនមានរន្ធសាកនោះទេ ពោលគឺទម្លាក់រន្ធ USB-C ចោលតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ GSMAarena នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងព្រឹត្តិបត្រ "Power On" នៅលើ Bloomberg លោក Mark Gurman បានបង្ហោះថា Air នឹង «បង្ហាញពីការផ្លាស់ប្តូរទៅកាន់ម៉ូដែលស្តើងជាងមុន ដោយមិនមានរន្ធសាកថ្ម»។ លោកបានបន្ថែមថា ម៉ូដែលថ្មីនេះនឹងបង្ហាញពីចាប់ផ្តើមនៃ «ការផ្លាស់ប្តូរជាលើកដំបូងសម្រាប់ Apple» ប្រសិនបើវាទទួលបានជោគជ័យនៃឧបកររណ៍ថ្មីនេះ Apple អាចនឹងការកែសម្រួលផែនការផលិតផលរបស់ខ្លួននាពេលអនាគត។

តែយ៉ាងណា នេះគឺគ្រាន់តែជាការលើកឡើងរបស់អ្នកវិភាគតែប៉ុណ្ណោះ ខណៈព័ត៌មានផ្លូវការពីក្រុមហ៊ុន Apple នៅមិនទាន់ត្រូវបានបង្ហាញនោះទេ។ ប្រសិនបើមានការផ្លាស់ប្តូរបែបនេះមែនអាចនឹងមានការប្រតិកម្មពីនិយតករសហភាពអឺរ៉ុប ដែលបានកំណត់ការប្រើប្រាស់រន្ធ USB-C នៅលើឧបករណ៍អេឡិចត្រូនិកដែលបានលក់នៅក្នុង EU125។

គួរជម្រាបថា iPhone 17 Air នឹងមានអេក្រង់ទំហំ ៦.៦អ៊ីញ ជាមួយនឹង Dynamic Island មានប៊ូតុងគ្រប់គ្រងកាមេរ៉ា និងមានអាយុកាលថ្មប្រហាក់ប្រហែលនឹង iPhone 16 នាពេលបច្ចុប្បន្ន។ គេរំពឹងថា បើរឿងនេះអាចទៅរួចពិតមែននោះយើងនឹងឃើញ iPhone ជំនាន់ក្រោយៗនឹងក្លាយជាស្មាតហ្វូនឥតខ្សែ ខណៈវានឹងពឹងផ្អែកលើការសាកឥតខ្សែទាំងស្រុង៕