(បរទេស)៖ ប្រភពពីលោក Tim Long ដែលជាអ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់នៅ Barclays បានព្យាករណ៍ថា iPhone អេក្រង់បត់ដំបូងបង្អស់របស់ Apple នឹងចេញលក់ក្នុងតម្លៃ ២,៣០០ដុល្លារក្នុងមួយគ្រឿង ខណៈវាមានតម្លៃថ្លៃជាង iPhone 16 Pro Max ជិតពីរដង បើធៀបនឹង ១,១៩៩ដល្លារ (តម្លៃបរទេស)។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
តួរលេខនេះ ត្រូវបានចែករំលែកបន្ទាប់ពីការធ្វើដំណើររបស់លោក Tim Long មកតំបន់អាស៊ីជួបជាមួយនឹងអ្នកផ្គត់ផ្គង់របស់ Apple។ លោកបាននិយាយថា ដំណើការផលិតទំនងជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦ ដល់ដើមឆ្នាំ២០២៧ ខាងមុខនេះ។ Long ជឿជាក់ថាតម្លៃនេះដ៏ខ្ពស់បែបនេះនឹងកំណត់បរិមាណចេញលក់ ពោលគឺមិនច្រើននោះទេ។ យ៉ាងណា ការលើកឡើងនេះគឺជាតម្លៃសម្រាប់ទីផ្សារបរទេសប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមកដល់ប្រទេសកម្ពុជាយើងវិញទំនងជិតដល់ ៣,០០០ដុល្លារឯណោះ។
គួរជម្រាបថា កាលពីដើមខែនេះ អ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្បីរបស់ Apple លោក Ming-Chi Kuo បានកំណត់តម្លៃ iPhone អេក្រង់បត់នឹងមានចន្លោះពី ២,០០០ដុល្លារ ទៅ ២,៥០០ដុល្លារ ដូច្នេះវាដូចទៅនឹងតម្លៃដែលចេញដោយលោក Tim Long។ យោងតាមលោក Kuo, iPhone អេក្រង់បត់នេះនឹងភ្ជាប់មកជាមួយនឹងអេក្រង់បត់ទំហំ ៧.៨អ៊ីញ និងគម្របអេក្រងទំហំ ៥.៥អ៊ីញ មានកាមេរ៉ាក្រោយចំនួន ២ មានប៊ូតុង Power Touch ID និងថាមពលថ្មដែលមានដង់ស៊ីតេខ្ពស់។ លោករំពឹងថា នឹងមានកម្រាស់ស្តើងបំផុតប្រហែល ៤.៥មីលីម៉ែត្រនៅពេលលាត ហើយនៅចន្លោះពី ៩ ទៅ ៩.៥មីលីម៉ែត្រនៅពេលបត់ អ្វីដែលកាន់តែពិសេសនោះគឺវានឹងត្រូវបានបំពាក់ដោយ ស៊ុមទីតាញ៉ូមថែមទៀតផង៕