(ប៉េកាំង)៖ ក្រុមហ៊ុន BYD នៅថ្ងៃចន្ទ បានបង្ហាញនូវវេទិកាថ្មី សម្រាប់រថយន្តអគ្គិសនី ដែលខ្លួនបានឱ្យដឹងថា អាចសាកថ្មរថយន្តអគ្គិសនី លឿនដូចទៅនឹងការចំណាយពេលចាក់ប្រេងឥន្ធនៈដែរ និងបានប្រកាស ជាលើកដំបូងថា ខ្លួននឹងសាងសង់បណ្តាញសាកថ្ម នៅទូទាំងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

វេទិកាថ្មីនេះ ត្រូវបានគេហៅឈ្មោះថា «Super e-platform» ដែលមានសមត្ថភាពសាកថ្មរហូតដល់១,០០០គីឡូវ៉ាត់ ដែលអាចឱ្យរថយន្តធ្វើដំណើរបាន៤០០គីឡូម៉ែត្រ លើការសាកថ្មចំនួន៥នាទី។ នេះបើតាមសម្តីស្ថានិក BYD លោក Wang Chuanfu បានលើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ពីទីស្នាក់ការកណ្តាលស្ថិតក្នុងទីក្រុង Shenzhen របស់ក្រុមហ៊ុន។

ការសាកថ្ម១,០០០គីឡូវ៉ាត់ អាចស្មើនឹង២ដង នៃល្បឿនសាកថ្មល្បឿនលឿន (Superchargers) របស់ក្រុមហ៊ុន Tesla, ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយ ផ្តល់ឱ្យការសាកថ្មបានចំនួនល្បឿន៥០០គីឡូវ៉ាត់។

ការសាកថ្មល្បឿនលឿន គឺជាគន្លឹះសំខាន់ ក្នុងការបង្កើនឱ្យមានការងាកមកប្រើប្រាស់រថយន្តអគ្គិសនី ព្រោះវាត្រូវបានគេមើលឃើញថា អាចជួយធានាបាន នូវការព្រួយបារម្ភរបស់អ្នកបើកបររថយន្តអគ្គិសនី លើការសាកថ្មរថយន្តរបស់ពួកគេ បានឆាប់រហ័ស។

«ដើម្បីដោះស្រាយទាំងស្រុង នូវក្តីអន្ទះសា នៃការសាកថ្មរបស់អ្នកប្រើប្រាស់របស់យើង យើងបាននិងកំពុងបន្តគោលដៅ ដើម្បីធ្វើឱ្យពេលវេលាសាកថ្មរថយន្តអគ្គិសនី កាន់តែខ្លី ដូចពេលវេលានៃការចាក់ប្រេងរថយន្តដែរ», លោក Wang បានលើកឡើង។

លោកបន្តថា «វាគឺជាលើកដំបូង ក្នុងវិស័យឧស្សាហកម្ម ដែលចំនួននៃមេហ្គាវ៉ាត់ ត្រូវបានសម្រេចធ្វើឡើង ក្នុងការសាកថាមពលថ្ម»។

ស្ថាបត្យកម្មសាកថ្មថ្មី នឹងមានជាលើកដំបូង នៅក្នុងរថយន្តអគ្គិសនីថ្មីចំនួន២ គឺរថយន្តប្រភេទស៊ីដាន Han L និងប្រភេទ SUV គឺ Tang L ដែលមានតម្លៃចាប់ពី២៧០,០០០យ័ន (៣៧,៣៣០ដុល្លារអាមេរិក) ហើយក្រុមហ៊ុន BYD បានឱ្យដឹងថា ខ្លួននឹងបង្កើតឧបករណ៍សាកល្បឿនលឿនខ្លាំង ជាង៤,០០០គ្រឿង នៅទូទាំងប្រទេសចិន ដើម្បីផ្គូផ្គងជាមួយវេទិកាថ្មីនេះ។

គួរបញ្ជាក់ថា BYD ពឹងផ្អែកភាគច្រើនទៅលើរថយន្តប្រភេទ Plug-in hybrid សម្រាប់ការលក់របស់ខ្លួន ដែលបានកើនឡើងដល់៤.២លានគ្រឿង កាលពីឆ្នាំមុន។ ក្រុមហ៊ុន បានកំណត់គោលដៅលក់ចេញ ចម្លោះពី៥ទៅ៦លានគ្រឿង ក្នុងឆ្នាំ២០២៥នេះ៕​