(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu ខេត្ត Binh Duong ប្រទេសវៀតណាម។ នេះគឺជាជំនួបមិត្តភាពអន្ដរជាតិដំបូង សម្រាប់ឆ្នាំ២០២៥ រវាងក្រុមទាំងពីរ ក្រោយបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់ ASEAN Cup 2024 ដែលវៀតណាម បានគ្រងជើងឯក។

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «ការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាម ពួកយើងពិតជាចង់ឈ្នះ ប៉ុន្តែវាពិតជាមិនងាយស្រួលទេ ព្រោះក្រុមជម្រើសជាតិវៀតណាម ជាម្ចាស់ជើងឯកពានរង្វាន់ក្នុងតំបន់តំបន់អាស៊ាន ហើយជាក្រុមដែលល្អបំផុតមួយក្នុងតំបន់អាស៊ាន។ សម្រាប់ការប្រកួតនេះដែរ ក្រុមរបស់យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីកម្រិតរបស់យើងទៅកាន់អ្នកគាំទ្រ»

ជាមួយគ្នាលោក Kim Sang-Sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ក៏បានបង្ហាញនូវការគោរព ចំពោះក្រុមគោព្រៃកម្ពុជាដូចគ្នា ដោយលោកបានក្រើនរំឮកកូនក្រុមឲ្យមានការប្រុងប្រយ័ត្ន ដ្បិតក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន គឺកំពុងមានភាពរីកចម្រើន និងការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ ចំពោះចរន្ដកីឡាករចូលសញ្ជាតិ ពិសេសខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ Abdel Kader Coulibaly។ ដូច្នេះលោកចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ សម្រាប់បេសកកម្មដំបូងរបស់ក្រុមខ្លួន នាដើមឆ្នាំ២០២៥ នេះ។

គួរដឹងថា ក្រោយជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជើងឯកប្រចាំតំបន់អាស៊ានខាងលើ ក្រុមគោព្រៃកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអារូបា មកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ៕