(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអារូបា បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាព នៅព្រឹកថ្ងៃពុធនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ដំណើរមកដល់របស់ក្រុមមកពីទ្វីបអាមេរិកនេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិវៀតណាម ក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនានេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ប្រទេសវៀតណាម មុនក្រុមគោព្រៃត្រឡប់មកជួបក្រុមភ្ញៀវអារូបាវិញ នាដើមសប្ដាហ៍ក្រោយ។

គួរដឹងថា អារូបា (Aruba) គឺជាប្រទេសដីកោះតូចមួយ ដែលជាអតីតដែនដីរបស់ប្រទេសហូឡង់ ហើយមានភូមិសាស្រ្តក្នុងតំបន់នៃទ្វីបអាមេរិកកណ្ដាល ភាគអាគ្នេយ៍ នៃសមុទ្រខារីប៊ឿន ភាគខាងជើងប្រទសវេណេហ្ស៊ុយអេឡា។ កីឡាករជម្រើសជាតិរបស់ពួកគេបច្ចុប្បន្ន ភាគច្រើន កំពុងប្រកបអាជីពនៅហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និង ២រូបបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់៕