(វាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រនូវសំណើររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីលើទឹកកក
រវាងប្រទេសទាំងពីរ បន្ទាប់ពីមានជំនួបពិភាក្សាការងារមួយរវាងប្រធានាធិបតីទាំងពីរធ្វើឡើងតាមទូរស័ព្ទ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។
យោងតាមប្រភពពីវិមានក្រឹមឡាំងបានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានគាំទ្រគំនិតលោក ពូ ទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីទឹកកកដែលមានកីឡាករប្រទេសទាំងពីរ
ដែលនឹងមានសម្ព័ន្ធកីឡាហុកគីជាតិ រវាងសហរដ្ឋអាមរិក និងកាណាដា (NHL) និងសហព័ន្ធកីឡាហុកគីទឹកកក (KHL) របៀបចំការប្រកួតនេះឡើង ។
ខណៈបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន បន្ទាប់ពីការកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ មិនបាននិយាយអំពីកីឡាហុកគីលើទឹកកកនោះទេ រួមទាំងមិនបានឆ្លើយតបទៅនឹងសំណួរអំពីកីឡានោះទេ ។ ហើយស្ថាប័ន NHL បាននិយាយថា សហព័ន្ធមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើអត្ថាធិប្បាយនៅឡើយអំពីបញ្ហានេះ។
ជាមួយគ្នានោះ អ្នកនាំពាក្យ NHL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទើបតែដឹងអំពីការសន្ទនារវាង លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន ហើយជាក់ស្តែង យើងមិនមែនជាភាគីនៃការពិភាក្សាទាំងនោះទេ ហើយវាមិនសមរម្យសម្រាប់ពួកយើងក្នុងការធ្វើការអត្ថាធិប្បាយនៅពេលនេះទេ»។
សូមជម្រាបផងថា ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតកីឡាហុកគីលើទឹកកកអន្តរជាតិនាពេលកន្លងមក បន្ទាប់ពីប្រទេសនេះបានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនកាលពី ២ឆ្នាំមុន។
ហើយបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូក្នុងឆ្នាំ ២០២២ ទៅលើអ៊ុយក្រែន សហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ (IIHF) បានផ្អាកក្រុមជម្រើសជាតិ និងក្លិបទាំងអស់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។
សូមរំឭកផងថា NHL បានផ្អាកទំនាក់ទំនងដៃគូសហការណ៍នៅក្នុងប្រទេសរុស្ស៊ី នឹងការផ្អាកគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា ខ្លួននឹងមិនពិចារណាលើប្រទេសរុស្ស៊ី សម្រាប់ការប្រកួតប្រជែងនាពេលអនាគតណាមួយបន្ទាប់ពីការលុកលុយបានចាប់ផ្តើម។ ពេលដែលសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ IIHF ក្រោយមកបានផ្លាស់ប្តូរការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៣ ចេញពីទីក្រុង Saint Petersburg បន្តទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។ ហើយកាលពីឆ្នាំ២០២៤ IIHF បានឱ្យដឹងថា នឹងធ្វើការសម្រេចចិត្តលើការចូលរួមរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្ស ក្នុងរដូវកាល២០២៥-២០២៦ នៅខែឧសភាឆ្នាំនេះ។
សូមជម្រាបផងថា កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុង Milan និង Cortina d'Ampezzo ក្នុងខែកុម្ភៈ ដែលពីមុនមកប្រភេទកីឡាហុកគីទឹកកក តែងតែមានការប្រកួតផងដែរ ៕