(កំពត)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) និងដៃគូអាជីវកម្ម ដែលជាម្ចាស់ដេប៉ូធំៗរបស់ស៊ីម៉ងត៍អូដ្ឋនិងវី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ដើម្បីធ្វើទស្សនកិច្ចទៅកាន់រោងចក្រស៊ីម៉ងត៍អូដ្ឋនៅឯខេត្តកំពត។ ការធ្វើដំណើរលើអាកាសតាមឧទ្ធម្ភាគចក្របែបនេះ អាចចាត់ទុកថា ជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយបែប ដែលដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី អាចទទួលបាន ដើម្បីទស្សនាដំណើរការចង្វាក់ផលិតកម្មទាំងមូលនៅក្នុងរោងចក្រស្ដង់ដារអន្តរជាតិ ដែលមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា។

រោងចក្រស៊ីម៉ងត៍អូដ្ឋ គឺជារោងចក្រដំបូងគេនៅកម្ពុជា ដែលបំពាក់នៅបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ មកពីអឺរ៉ុបស្តង់ដាលំដាប់ពិភពលោកដ៏ទំនើប និងមានទំហំធំជាងគេ ហើយក៏ជាក្រុមហ៊ុនដែលផលិតបានស៊ីម៉ងត៍ ដែលមានគុណភាពល្អដាច់គេ ក្នុងប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សមួយនេះ ទើបតែចេញជាផ្លូវការនូវ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី រចនាបទរូបរាងថ្មី គុណភាពខ្ពស់ ប្រកបដោយទំនុកចិត្តជូនអតិថិជន និងមានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេស។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ បានវិនិយោគទឹកប្រាក់ជិត ៣០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សនេះឡើងមក។

សូមជម្រាបថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី បានឈរជើងលើទីផ្សារជាងពីរទស្សវត្សមកហើយ ដែលផលិតចេញពីរោងចក្រវិនិយោគឡើងដោយកូនខ្មែរ កំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់៕