(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ដែលជាមេធំរបស់ Google បានប្រកាសពីការទិញយកដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្ថិសាស្រ្តរបស់ខ្លូននៅថ្ងៃអង្គារសប្តាហ៍នេះ ដោយសម្រេចទិញក្រុមហ៊ុនជំនាញលើផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិត Wiz ក្នុងតម្លៃប្រហែល ៣២ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើនសមត្ថភាពសុវត្ថិភាពលើ cloud របស់ខ្លួន ជាពិសេសនៅក្នុងវិស័យ cloud computing ដែលមានការប្រកួតប្រជែងដែលគ្រប់គ្រងដោយ Amazon និង Microsoft។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្រោយប្រកាសនេះ តម្លៃភាគហ៊ុនរបស់ Alphabet ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះប្រមាណ ២% ភ្លាមៗ ខណៈគេរំពឹងថា ភាគហ៊ុនក្រុមហ៊ុនយក្សនេះនឹងបន្តធ្លាក់ចុះដល់ ១៣%ពេញមួយឆ្នាំនេះ ដោយសារការព្រួយបារម្ភលើការចំណាយបញ្ញាសិប្បនិម្មិត្ត AI ដ៏ច្រើនរបស់ខ្លួនប្រឆាំងនឹងការកើនឡើងនៃ DeepSeek ដែលមានតម្លៃទាបរបស់ប្រទេសចិន និងការដកថយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលដឹកនាំទីផ្សារអស់រយៈពេលពីរឆ្នាំកន្លងមកនេះ។ ការទិញយក ៣២ ពាន់លានដុល្លារនេះ មិនត្រឹមតែជាកិច្ចព្រមព្រៀងធំបំផុតរបស់ Alphabet ប៉ុណ្ណោះទេ ថែមទាំងជាកិច្ចព្រមព្រៀងសន្តិសុខអ៊ីនធឺណិតដ៏ធំបំផុតដែលមិនធ្លាប់មាន លើសពីការផ្តល់ជូនពីមុន រួមទាំងសំណើ ២៣ ពាន់លានដុល្លារដែល Wiz បានបដិសេធ។
Wiz ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនជំនាញលើផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិតរបស់អ៊ីស្រាអែល ដែលមានទីស្នាក់ការកណ្តានៅទីក្រុងញូវយ៉ក។ បច្ចុប្បន្ននេះ Wiz កំពុងធ្វើការជាមួយអ្នកផ្តល់សេវា cloud ធំៗជាច្រើនដូចជា Amazon Web Services, Azure របស់ Microsoft ក៏ដូចជា Google Cloud ហើយរួមទាំងក្រុមហ៊ុនរថយន្ត Morgan Stanley, BMW និង LVMH ផងដែរ និងនៅមានក្រុមហ៊ុនជាច្រើនទៀត។ យ៉ាងណា បន្ទាប់ពីកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ Wiz នឹងចូលរួមជាមួយអង្គភាព cloud របស់ Google ដែលរកចំណូលបានជាង ៤០ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ របាយការណ៍បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង Alphabet និង Wiz ទំនងបិទនៅឆ្នាំ២០២៦ខាងមុន ខណៈបច្ចុប្បន្នស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។
គួរជម្រាបថា ការបង្កើនល្បឿននៃកិច្ចព្រមព្រៀងនេះ ត្រូវបានសន្មតថាជាការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពនយោបាយបន្ទាប់ពីការវិលត្រឡប់របស់លោកប្រធានាធិបតី Donald Trump ចូលកាន់តំណែង ដែលអាចផ្តល់នូវបរិយាកាសប្រឆាំងការទុកចិត្តកាន់តែអំណោយផលជាងមុន។ ពោលគឺ Wall Street សង្ឃឹមថា នឹងមានការផ្លាស់ប្តូរក្នុងគោលនយោបាយប្រឆាំងការប្រកួតប្រជែងក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ដោយមានលោក Andrew Ferguson ជាប្រធាន FTC នឹងមានការកាត់បន្ថយការត្រួតពិនិត្យលើការបញ្ចូលគ្នា (M&A) ដែលជាសញ្ញាសម្គាល់នៃអ្នកកាន់តំណែងមុនរបស់គាត់គឺ Lina Khan៕