(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក សាស្ត្រាចារ្យ គណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ និងនិស្សិតជ័យលាភីប្រមាណ ២៣៩ នាក់ ផងដែរ។

ជាកិច្ចចាប់ផ្តើម លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ប្រកបដោយមោទនភាពចំពោះការខិតខំ ប្រឹងប្រែងរហូតទទួលបានជោគជ័យលើការប្រឡងរបស់និស្សិតជ័យលាភីនាពេលនេះ។

លោកថ្លែងថា ភាពជោគជ័យរបស់និស្សិតជ័យលាភីនាពេលនេះ បានបង្ហាញពីការមានចំណេះដឹង និងជំនាញដែលមានស្តង់ដាលើពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយចំណេះដឹង និងជំនាញទាំងនេះ ក៏នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសរូមចំណែកក្នុងបេសកកម្មរបស់ លោក ប៊ូ ថារិន ក្នុងការពង្រឹងតម្លាភាពនៃការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីជាអត្ថប្រយោជន៍ដល់ការ សម្រេចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន អ្នកវិនិយោគដែលកំពុងតែបណ្តាក់ទុនរកស៊ីស្រាប់ ក៏ដូចជា អ្នកវិនិយោគដែលនឹងមានគម្រោងមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា នាពេលអនាគត។

លោកខេស៊ី បាណេត ក៏បង្ហាញការរំពឹងទុកជាវិជ្ជមានថា ឆ្នាំ២០២៥ នឹងជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានការវិនិយោគច្រើនពីវិនិយោគិនបរទេស ដោយសារតែប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បានធ្វើការតម្លើងពន្ធនាំចូលពីលើប្រទេសចិន និងប្រទេសផ្សេងៗទៀតជាង ២០ភាគរយ ជាហេតុធ្វើឲ្យប្រទេសកម្ពុជាយើង នឹងក្លាយជាទិសដៅថ្មីក្នុងការវិនិយោគពីសំណាក់វិនិយោគិនបរទេស ក្នុងឆ្នាំនេះ។ លោកបន្ថែមផងដែរថា វិយោគគិនថ្មីៗទាំងនេះ នឹងត្រូវការជំនួយពីនិស្សិតបញ្ចប់ការសិក្សាថ្នាក់ច្បាប់ពន្ធដារកម្ពុជា នាថ្ងៃនេះ ក្នុងការណែនាំ និងធានាឲ្យបានថាក្រុមហ៊ុនពួកគេរៀបចំព័ត៌មានហិរញ្ញវត្ថុ អនុលោមតាមច្បាប់ពន្ធដារ នៃប្រទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មដំបូង ក្នុងប្រទេសកម្ពុជា។ ដោយឡែក សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ច្បាប់ពាណិជ្ជកម្មកម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ក្នុងការផ្តល់យោបល់ លើការរៀបចំនូវរចនាសម្ព័ន្ធក្រុមហ៊ុន ក៏ដូចជាផ្តល់ការប្រឹក្សាលើទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ស្របតាមច្បាប់ពាណិជ្ជកម្មនៃប្រទេសកម្ពុជា។

ជាចុងបញ្ចប់លោក ខេស៊ី បាណេត បានកោតសរសើរនូវការតាំងចិត្តដ៏មុតមាំ ក្នុងការពង្រឹងនូវចំណេះដឹង និងជំនាញរហូតទទួលបានជោគជ័យ លើប្រឡងរបស់និស្សិតជ័យលាភីនាពេលនេះ និងជូនពរឲ្យនិស្សិជ័យលាភីទាំងអស់ទទួលបានជោគជ័យ នូវគ្រប់កិច្ចការនាពេលច្ចុប្បន្ន និងអនាគត។

លោក ប៊ូ ថារិន បានចូលរួមអបអរសាទរ ដល់និស្សិត និងបានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងពង្រឹងនូវកម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ ក៏ដូចជាសេវាកម្មសិក្សានានារបស់វិទ្យាស្ថានខេមអេដ។ ការខិតខំនេះបានរួមចំណែកយ៉ាងធំធេងក្នុង បេសកម្មរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្សជំនាញគណនេយ្យ សវនកម្ម និងពន្ធដារ ដែលមានគុណភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោក ក៏បានបង្ហាញនូវទំនុកចិត្តជាវិជ្ជមានថា វិទ្យាស្ថានខេមអេដបាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ទាំងចំណេះដឹង និងចំណេះធ្វើ ដោយ ផ្អែកតាមការមើលឃើញពីយុទ្ធសាស្ត្រនៃការបង្រៀន និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងបែបទំនើប រួមជាមួយការខិតខំពង្រឹងគុណភាព និងសេវាកម្ម ឥតឈប់ឈររបស់វិទ្យាស្ថានខេមអេដ។

លោកក៏បានបញ្ជាក់ផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករគណនេយ្យ និងសវនកម្ម បានព្យាយាមយ៉ាងមុតមាំក្នុងការពង្រឹងអនុលោមភាព និងតម្លាភាពនៃការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ក៏ដូចជាប្រព័ន្ធនៃការគ្រប់គ្រងរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុប្រចាំឆ្នាំ របស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញក៏ត្រូវបានដាក់ឲ្យអនុវត្តនៅប្រទេសកម្ពុជា ដែល ជាលទ្ធផលនិន្នាការអនុលោមភាពមានការកើនឡើង ជារៀងរាល់ឆ្នាំ។

លោកក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានតែមួយគត់ ដែលបានការទទួលស្គាល់ និងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនិយ័តករគណនេយ្យ និង សវនកម្មលើការទទួលស្គាល់ការបណ្តុះបណ្តាលកម្មវិធីជំនាញពន្ធដារកម្ពុជា និងច្បាប់ពាណិជ្ជកម្មកម្ពុជា ជូនដល់គណនេយ្យករ និងសវនករបរទេសដែលមានបំណងទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ: គណនេយ្យ និងសវនកម្មនៅប្រទេសកម្ពុជា។ ការសម្រេចនេះ គឺដោយសារតែមើលឃើញពីសមត្ថភាព និស្សិត និងឆន្ទៈក្នុងការពង្រឹងគុណភាពអប់រំ រហូតទទួលបានការទទួលស្គាល់គុណភាពកម្រិតផ្លាទីនៀម ពីស្ថាប័នគណនេយ្យករជំនាញអន្តរជាតិ ACCA នៅចក្រភពអង់គ្លេស។

លោក ប៊ូ ថារិន ក៏បានបន្ថែមទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា មានសវនករជារូបវន្តបុគ្គលសរុបចំនួន១០១រូប ដែលក្នុងនោះមានជនជាតិខ្មែរ ចំនួន៧១រូប និងជនបរទេសចំនួន ៣០រូបដែលទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈពីនិយ័តករគណនេយ្យ និងសវនកម្ម រីឯក្រុមហ៊ុនគណនេយ្យ និងសវនកម្មសរុបមានចំនួន ៥៤ក្រុមហ៊ុន ហើយក្នុងនេះក្រុមហ៊ុន បរទេសមានប្រហែល ៣០ភាគរយ។

លោកបន្ថែមថា នាពេលអនាគត ប្រទេសកម្ពុជានឹងមានតម្រូវការខ្ពស់លើគណនេយ្យករជំនាញ និងសវនករជំនាញជំនួសឲ្យគណនេយ្យករ និងសវនកម្ម ដែលជាជនបរទេសដែលកំពុងតែបម្រើសេវាលើជំនាញនេះ។ ហេតុនេះហើយ លោកលើកទឹកចិត្តដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់ មេត្តាបន្តអភិវឌ្ឍជំនាញគណនេយ្យ សវនកម្ម និងពន្ធដារ បន្ថែម ហើយក៏ស្នើដល់វិទ្យាស្ថានខេមអេដបន្តចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក៏ដូចជានិយ័តករ ក្នុងការផ្តល់ការបង្កើនធនធានអ្នកជំនាញផ្នែកគណនេយ្យ និងសវនកម្មប្រកបដោយសមត្ថភាព នៅប្រទេសកម្ពុជា៕