(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៩ ខែមីនានេះ បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី ចំនួន ១១ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិចំនួន ១៦ផ្សេងគ្នា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈសរុបថវិកាមានចំនួន ៤,៩៨៤,៩០០,០០០រៀល ឬប្រមាណ ១,២៤៦,២២៥ដុល្លារ។
យោងតាមរបាយការណ៍លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ចំពោះប្រភេទកីឡា ដែលបានចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា ហើយបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយជូនជាតិខាងលើ រួមមាន៖
១. ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជា ឈ្នះមេដាយ ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣) លើប្រភេទកីឡាប៉េតង់ តេក្វាន់ដូ WT, ការ៉ាតេ និងយូ ។
២. ការប្រកួតកីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជា ឈ្នះមេដាយសរុប ៩គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៦) ។
៣. ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។
៤. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១)។
៥. ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី កម្ពុជាឈ្នះមេដាយ ៦គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៤) ។
៦. ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅវៀតណាម កម្ពុជា ឈ្នះមេដាយ ២០គ្រឿង (មាស៦ ប្រាក់៥ និងសំរឹទ្ធ៩) ។
៧. ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣នៅម៉ុងហ្គោលី កម្ពុជាឈ្នះមេដាយ ២គ្រឿង(មាស១ និងសំរឹទ្ធ១) ។
៨. ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)។
៩. ការប្រកួតជឺជីតស៊ូជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ នៅអារ៉ាប់រួម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង ។
១០. ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
១១. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ១៥គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៩)។
១២. ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅឥណ្ឌា កម្ពុជា ឈ្នះមេដាយ ២៤គ្រឿង (មាស៣ ប្រាក់៧ និងសំរឹទ្ធ១៤) ។
១៣. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៤ នៅហ្វីលីពីន កម្ពុជា ឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២) ។
១៤. ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៤ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ២៧គ្រឿង (មាស៣ ប្រាក់១៧ និងសំរឹទ្ធ៧) ។
១៥. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៧គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ៦) ។
១៦. ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជាឈ្នះមេដាយ ២១គ្រឿង (មាស៩ ប្រាក់៤ និងសំរឹទ្ធ៨) ៕