(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានទទួលស្គាល់ភាពខ្លាំងរបស់ក្រុមជម្រើសជាតិវៀតណាម ដែលមានប្រៀបជាង ទាំងកម្លាំង និងបច្ចេកទេស ។ យ៉ាងណាលោកថា ការបង្ហាញរបស់កូនក្រុមក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីយប់មិញ ក៏មិនអន់ដែរ ។
នេះបើតាមការគូសបញ្ជាក់របស់គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ ដោយក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមគោព្រៃកម្ពុជា ២-១ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong កាលពីរាត្រីថ្ងៃពុធកន្លងទៅ ។
លោក Koji ថា «ការប្រកួតនេះ តង់ទី២ ក្រុមខ្ញុំពិតជាលេងបានល្អ ។ ប៉ុន្តែបើប្រៀបធៀបក្រុមទាំងពីរ គឺវៀតណាមសព្វថ្ងៃមានប្រៀបជាង ទាំងកម្លាំង និងបច្ចេកទេស។ តង់ទី២ យើងមានឱកាសច្រើនក្នុងការស៊ុតបញ្ចូលទី តែចុងក្រោយយើងចាញ់ ១-២ ។ ទោះបីមិនមែនជាលទ្ធផលខ្ញុំពេញចិត្ត តែក៏មិនអាក្រក់ពេកដែរ ហើយការបង្ហាញរបស់កីឡាករកម្ពុជាក៏មិនអន់នោះទេ»។
យ៉ាងណាមិញ ក្រោយទទួលបានបទពិសោធន៍ពីការប្រកួតជាមួយក្រុមជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ លោកនឹងត្រឡប់ទៅពិភាក្សា និងសិក្សាបន្ថែមជាមួយកូនក្រុមវិញ ដើម្បីកែលម្អត្រៀមការប្រកួតក្រោយៗ ។ លើសពីនេះ ក៏លោកកោតសរសើរគ្រាប់បាល់ដ៏ល្អ ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករវ័យក្មេង បុង សាំយូអ៊ែល និងចង់ឃើញគ្រាប់បាល់បែបនេះកាន់តែច្រើនទៀតផងដែរ ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ បើកឆាកឆ្នាំថ្មីខាងលើ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងត្រូវត្រឡប់មកមាតុភូមិវិញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិបន្ទាប់ ជាមួយក្រុមភ្ញៀវ គឺក្រុមជម្រើសជាតិអារូបាវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕