(ឡុងដ៏)៖ កម្មវិធីប្រកួតកីឡាជិះកង់ Tour de France ផ្នែកបុរស និងនារី នឹងចាប់ផ្តើមនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៧ ដែលនឹងរៀបចំការជិះឆ្លងកាត់ប្រទេសស្កុតឡែន វែល និងអង់គ្លេស ខណៈវិញ្ញាសាជិះកង់ផ្នែកបុរស ក្នុងកម្មវិធីដ៏ល្បីល្បាញបំផុតរបស់ពិភពលោកនេះ ធ្លាប់រៀបចំនៅប្រទេសអង់គ្លេស ៤លើកមកហើយ មាននៅឆ្នាំ១៩៧៤, ១៩៩៤, ២០០៧ និង២០១៤ ។

នេះក៏ក្លាយ​ជា​លើក​ទី​១ ដែល​ព្រឹត្តិការណ៍​ទាំង​បុរស និង​ស្ត្រី​បាន​រៀបចំក្នុងកម្មវិធីជិះតែមួយនៅចក្រភពអង់គ្លេស បន្ទាប់ពី​ប្រទេស​បារាំង ដែលតែងតែរៀបចំបែបនេះក្នុងឆ្នាំតែមួយ ។ ខណៈកម្មវិធី Tour de France ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧​ នោះ គឺមានការទទួលស្គាល់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស ស្កុតឡេន និងវេលស៍ ដែលជាដៃគូដ៏សំខាន់ក្នុងការរៀបចំនេះ រួមជាមួយនឹងស្ថាប័ន British Cycling និងស្ថាប័ន UK Sport ។

សូមជម្រាបផងថា កម្មវិធីជិះកង់ Tour de France គឺជាការប្រកួតប្រណាំងកង់ផ្នែកបុរសមានច្រើនដំណាក់កាល ដែលរៀបចំឡើងរាល់ឆ្នាំនៅប្រទេសបារាំង ជាកម្មវិធីជិះកង់
កិត្យានុភាពល្បីល្បាញបំផុតក្នុងចំណោមកម្មវិធី Grand Toours ទាំងពី៣ ជាមួយនឹងកម្មវិធី Giro d'Italia និង Vuelta a Espana ៕