(បរទេស)៖ សហភាពអឺរ៉ុប បើកដៃឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple អាចផលិត iPhone ដោយគ្មានរន្ធសាក និងបានបញ្ជាក់យ៉ាងច្បាស់ថា មិនបំពានច្បាប់របស់សហភាពអឺរ៉ុបនោះទេ។ ប្រការនេះ កើតឡើងបន្ទាប់ពីលោក Mark Gurman មកពី Bloomberg បានរាយការណ៍ថា Apple កំពុងពិចារណាផលិត iPhone 17 Air ជាឧបករណ៍ដែលគ្មានរន្ធសាកជាលើកដំបូង ប៉ុន្តែហាក់ស្ទាក់ស្ទើរព្រួយបារម្ភថាប្រឆាំងនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
យ៉ាងណាមិញ ថ្មីៗនេះមន្រ្តីសហភាពអឺរ៉ុបលោកស្រី Federica Miccoli បានបញ្ជាក់ទៅកាន់ 9to5Mac ថាឧបករណ៍ដែលគាំទ្រការសាកឥតខ្សែ គឺល្អឥតខ្ចោះនៅក្នុងច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យឧបករណ៍ដែលមានរន្ធសាកថ្ម ដើម្បីប្រើ USB-C ប៉ុន្តែមិនមានតម្រូវការសម្រាប់ច្រក USB-C នោះទេ។ ម្យ៉ាងវិញទៀត USB-C គឺចាំបាច់តែលើឧបករណ៍ដែលប្រើថាមពលថ្មចល័តដែលគាំទ្រការសាកតាមខ្សែ គោលដៅគឺដើម្បីលុបបំបាត់ស្តង់ដារសាកថ្មតាមខ្សែដែលមិនស្របគ្នា និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិកប៉ុណ្ណោះ។ ដូច្នេះប្រសិនបើឧបករណ៍នោះផលិតមកដោយគ្មានរន្ធសាក មិនចាំបាច់ប្រើខ្សែសាក USB-C នោះទេ។
គួរជម្រាបថា ច្បាប់របស់សហភាពអឺរ៉ុបមិនត្រឹមតែផ្តល់អាណត្តិ USB-C ជាស្តង់ដារសម្រាប់ការសាកថ្មតាមខ្សែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ការចុះសម្រុងគ្នានឹងស្តង់ដារសាកឥតខ្សែផងដែរ។ ខណៈគោលដៅនោះ គឺដើម្បីការពារការបែកបាក់ទីផ្សារ និងធានាឱ្យមានអន្តរប្រតិបត្តិការក្នុងចំណោមបច្ចេកវិទ្យាសាកថ្មឥតខ្សែផ្សេងទៀត៕