(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសឲ្យដឹងថានឹងដាក់ដំណើរការមជ្ឈមណ្ឌលសេវាកម្ម Cloud ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យចំនួន ៣ថ្មី បន្ថែមទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាមជ្ឈមណ្ឌលនេះនឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ ពោលគឺប្រមាណជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ២.២ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។
លោក Laurence Si នាយកគ្រប់គ្រងក្រុមហ៊ុន Microsoft Malaysia បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មជ្ឈមណ្ឌលទិន្នន័យដែលគេស្គាល់ថា Malaysia West Cloud នឹងមានទីតាំងនៅក្នុងតំបន់ Kuala Lumpur ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទីពីរ។
ក្រុមហ៊ុន Microsoft មិនបានបង្ហាញពីសមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនោះទេ។
នៅពេលសួរថា តើ Microsoft បានប្រឈមមុខនឹងបញ្ហាអ្វីខ្លះក្នុងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសម៉ាឡេស៊ី ដោយសារការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីបផលិតផលពាក់កណ្ដាលសម្រេច នោះលោក Si បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានស្ថានភាព។
លោកបានមានប្រសាសន៍ថា "នៅពេលនេះ អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងស្ថានភាពធម្មតាសម្រាប់យើង។ យើងមានទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធផ្សេងៗ"។
កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគចំនួន ២.២ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីពង្រីកសេវា cloud និងសិប្បនិម្មិត (AI) របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។
លោក Si បាននិយាយថា ក្រុមហ៊ុន Microsoft បានប៉ាន់ប្រមាណថាការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៤ឆ្នាំខាងមុខ នឹងបង្កើតប្រាក់ចំណូលចំនួនជិត ១១ពាន់លានដុល្លារ និងបង្កើតការងារជាង ៣៧០០០កន្លែង៕