(ភ្នំពេញ)៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មានទិសដៅបញ្ជ្រាបអាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួន ចូលរួមកាត់សេចក្ដីក្នុងការប្រកួតអន្ដរជាតិនានា ទាំងកម្រិតអាស៊ីអាគ្នេយ៍ កម្រិតអាស៊ី និងកម្រិតពិភពលោកជាដើម ដើម្បីលើកមុខមាត់ប្រទេសជាតិផង និងធានាបាននូវតម្លាភាពក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗផង។
នេះបើតាមការបញ្ជាក់របស់លោក កែវ រ៉េមី ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធ ក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការសិក្សារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៥-២០ ខែមីនា នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិនេះ ពិតជាមានសារៈសំខាន់ ស្របពេលសហព័ន្ធត្រៀមរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នាចុងខែមិថុនាខាងមុខ ។ ដូច្នេះវគ្គនេះ គឺជាការរំឮកនូវវិជ្ជាគុណសំខាន់ៗឡើងវិញ ដែលចាំបាច់ត្រូវច្បាស់លាក់ក្នុងការដាក់ពិន្ទុតាមវិញ្ញាសានីមួយៗ។
ជារួមលោក កែវ រ៉េមី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងស្មារតីចង់ចេះចង់ដឹងរបស់សិក្ខាកាម បានយ៉ាងល្អប្រសើរ ស្របតាមទិសដៅវែងឆ្ងាយរបស់សហព័ន្ធ ដែលមានបំណងចង់បញ្ជ្រាបអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាទៅក្នុងការប្រកួតអន្ដរជាតិនានា ជាមួយអាជ្ញាកណ្ដាល-ចៅក្រមប្រទេសផ្សេងៗ ដើម្បីបង្ហាញពីភាពស្មើមុខស្មើមាត់ ក៏ដូចជាកម្រិតនៃការយល់ដឹងបច្ចេកទេស សមត្ថភាពរបស់កម្ពុជា ក្នុងវិស័យតេក្វាន់ដូ ITF។
លោកបន្ដថា «បើសិនយើងមានអាជ្ញាកណ្ដាល-ចៅក្រម ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ទី១-គឺយើងលើកមុខមាត់កម្ពុជាពីសមត្ថភាពធនធានមនុស្សរបស់យើងក្នុងវិស័យកីឡាតេក្វាន់ដូ ITF ។ ទី២-ប្រទេសជាច្រើនក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ក្ដី អាស៊ីក្ដី ឬពិភពលោកក្ដី គេមកយកចិត្តយើង ព្រោះគេដឹងថា យើងមានអាជ្ញាកណ្ដាល-ចៅក្រមរបស់យើងលាយជាមួយគេ ។ ទី៣-ជួយខ្លួនយើងផ្ទាល់ មានន័យថា ជួយយើងផ្ទាល់ក្នុងកម្រិតមួយថា បើយើងឈ្នះដាច់ គេពិបាកដាក់ពិន្ទុបន្លំយើងណាស់ ក៏ប៉ុន្ដែនៅពេលដែលប្រហាក់ប្រហែលគ្នា ក៏យើងនៅតែសង្ឃឹមដែរ ករណីបើមានអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាយើងកាត់សេចក្ដីក្នុងការប្រកួតនោះ»។
យ៉ាងណាមីញការបញ្ជ្រាបអាជ្ញាកណ្ដាល-ចៅក្រម ទៅក្នុងព្រឹត្តិការណ៍អន្ដរជាតិ មិនមែនជារឿងងាយស្រួលនោះទេ ដែលទាមទារក្រៅពីចំណេះដឹងបច្ចេកទេស ក៏ត្រូវខ្លាំងផ្នែកភាសាដូចគ្នា ។ ការណ៍នេះ សហព័ន្ធនឹងខិតខំពង្រឹងផ្នែកភាសាបន្ថែម ដើម្បីជំរុញអាជ្ញាកណ្ដាល-ចៅក្រមជំនាន់ក្រោយឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីវិឌ្ឍន៍ខ្លួនក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ និងបញ្ជ្រាបពួកគេទៅក្នុងការប្រកួតកីឡាកម្រិតអន្ដរជាតិនានា នៅកំឡុងចាប់ពីឆ្នាំ២០២៦ ឬឆ្នាំ២០២៧ តទៅ។
លោក ប៉ាល់ ជីវ័ន ជំនួយការវគ្គខាងលើ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ រយៈពេលជិត ១សប្ដាហ៍នេះ មានសិក្ខាកាមចូលរួម ៣០នាក់ មកពី ១២ក្រសួង និងរាជធានី-ខេត្ត ដែលបង្រៀនដោយលោក ប៊ួនហ៊ីង សុធីយ៉ា និងលោក ហ៊ឹម រីដា ។ ជាលទ្ធផលក្រោយការសិក្សា ទាំងទ្រឹស្ដី និងការអនុវត្ត ក៏ដូចជាការប្រឡង គឺមានសិក្ខាកាមជាប់និទ្ទេសល្អ ១៣នាក់, និទ្ទេសល្អបង្គួរ ១៦នាក់ និងនិទ្ទេសមធ្យម ១នាក់៕