(អាតែន)៖ លោកស្រី Kirsty Coventry បានក្លាយជាស្រ្តីដំបូងគេ ដែលបានកាន់តួនាទីលំដាប់កំពូលពិភពលោកមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ១៣០ឆ្នាំ ក្នុងនាមប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៃការបោះឆ្នោតម្សិលមិញនេះ នៅប្រទេសក្រិច។
លោកស្រី Coventry វ័យ ៤១ឆ្នាំ អតីតម្ចាស់មេដាយមាសអូឡាំពិក ២សម័យប្រភេទកីឡាហែលទឹក បានយកឈ្នះគូប្រជែងលោក Lord Coe ដែលបច្ចុប្បន្នកាន់ការងារជាប្រធានសហព័ន្ធអត្តពលកម្មពិភពលោក (កីឡារត់ប្រណាំង)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោកស្រី Coventry ដែលជារដ្ឋមន្រ្តីកីឡារបស់ហ្ស៊ីមបាវ៉េ មកពីទ្វីបអាហ្រ្វិកនោះ នឹងជំនួសតំណែងប្រធានចាស់សញ្ជាតិអាល្លឺម៉ង់ លោក Thomas Bach ដែលបានដឹកនាំ IOC តាំងពីឆ្នាំ២០១៣ និងប្រកាសចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្នុងនាមជាប្រមុខ IOC វ័យក្មេងជាងគេផងដែរ។
គួរបញ្ជាក់ផងថា កម្មវិធីអូឡាំពិកដំបូងដែល Coventry ត្រៀមដឹកនាំ គឺអូឡាំពិករដូវរងា នៅទីក្រុង Milan-Cortina នៃប្រទេសអ៉ីតាលី នាខែកុម្ភៈ ឆ្នាំ២០២៦ មុនពេលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕