(តូក្យូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានឈ្នះកៅអីឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 មុនគេ ក្នុងចំណោម ៤៨ប្រទេស (ក្រុម) សម្រាប់ប្រកួតជុំចុងក្រោយវគ្គចែកពូល។
ក្រៅពីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក្នុងនាមម្ចាស់ផ្ទះ ដែលទទួលកៅអីលេងវគ្គចែកពូលស្វ័យប្រវត្តិនោះ សាម៉ូរ៉ៃខៀវជប៉ុន គឺជាក្រុមដំបូងគេដែលបានឆ្លងផុតវគ្គជម្រុះមុនគេ ក្នុងបណ្តា ៤៥ប្រទេស ដើម្បីលេងពាន World Cup ជំនាន់ថ្មីលើកដំបូង ដែលមានការបន្ថែមក្រុមពី ៣២កើនដល់ ៤៨ក្រុមបែបនេះ ដែលមាន ៣ប្រទេសធ្វើសហម្ចាស់ផ្ទះផងនោះ។
ឆ្លងតាមជ័យជម្នះ ៣ពិន្ទុនៅកីឡដ្ឋានដែលស្ថិតក្នុងខេត្ត Saitama នាយប់មិញនេះទៅលើគូប្រជែងបារ៉ែន ២-០ បានធ្វើឱ្យក្រុមខ្លាំងប្រចាំទ្វីបអាស៊ីមួយនេះ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ដើម្បីលេងវគ្គចែកពូលក្នុងយុទ្ធនាការ ៤ឆ្នាំម្តង ក្នុងនាមជាក្រុមហាលអាវវគ្គ ៨ក្រុមនៅប្រទេសកាតា ក្រោយចាញ់ក្រូអាតដោយបាល់ ១១ម៉ែត្រកាត់សេចក្តី World Cup 2022។
សូមបញ្ជាក់ផងថា សម្រាប់ទ្វីបអាស៊ី (AFC) ដែលមាន ៤៥ប្រទេសនោះ ត្រូវបាន FIFA ផ្តល់ជូនកៅអីស្វ័យប្រវត្តិ ៨កៅអី ខណៈកន្លះកៅអីទៀត ត្រូវលេងជម្រុះអន្តរទ្វីប (inter-continental) ដើម្បីប្រកួតប្រជែងកៅអីឡើងទៅវគ្គចែកពូល ៤៨ក្រុមនាឆ្នាំក្រោយនេះ បន្ទាប់ពីរូបមន្តចាស់ដែលមានតែ ៣២ក្រុម AFC ទទួលបានតែ ៤កៅអីកន្លះតែប៉ុណ្ណោះ៕