(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា កំពុងខាតបង់ច្រើនជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំលើសេវាកម្មស្ទ្រីមរបស់ខ្លួនគឺ Apple TV+ បើទោះបីជាមានអតិថិជនប្រហែល ៤៥ លាននាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

របាយការណ៍បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានចំណាយច្រើនជាង ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំលើមាតិកាចាប់តាំងពីការចាប់ផ្តើម Apple TV+ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែចំនួននោះបានធ្លាក់ចុះមកនៅត្រឹម ៤.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ Apple TV+ ត្រូវបានគេស្គាល់ថាជាសេវាកម្មស្ទ្រីមដែលទទួលបានជោគជ័យជាមួយនឹងកម្មវិធីដូចជា Ted Lasso, The Morning Show, Shrinking និង Severance ជាដើម។ តែយ៉ាងណា បើទោះបីជាផលិតកម្ម Apple TV+ ទទួលបានពានរង្វាន់ច្រើនជាង ២,៥០០ ការតែងតាំង និងឈ្នះក៏ដោយ សេវាកម្មស្ទ្រីមនេះនៅតែត្រូវបានគេមើលឃើញថា បានដើរយឺតជាង Netflix, Disney+ និង Amazon Prime Video បើប្រៀបធៀបអំពីចំនួនអតិថិជន។

គួរជម្រាបថា បើប្រៀបធៀបទៅនឹងសេវាកម្មស្រ្ទីមផ្សេងៗទៀត Apple TV+ មានភាពយឺតយ៉ាវក្នុងលក្ខខណ្ឌនៃអ្នកជាវ ដោយក្រុមហ៊ុន Netflix នាំមុខអ្នកជាវជាង ៣០១.៦៣លាននាក់។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត ខណៈដែល Disney+ មានអ្នកប្រើប្រាស់ ១២៤.៦លាននាក់ និងតាមពីក្រោយដោយ Warner Bros Discovery មានអ្នកប្រើប្រាស់ ១១៦.៩លាននាក់៕