(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងប្រមូលរថយន្ត Cybertruck ជាង ៤៦,០០០ គ្រឿងរបស់ខ្លួនត្រឡប់មកវិញ ដោយលើកឡើងពីបញ្ហាបន្ទះដែកអ៊ីណុកតួរថយន្តខាងក្រៅអាចត្រូវបាន «បំផ្លាញ និងផ្តាច់ចេញពីរថយន្ត» ក្នុងអំឡុងពេលបើកបរ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
Tesla បានសរសេរនៅក្នុងឯកសាររបស់ខ្លួនទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិចុះថ្ងៃទី១៨ ខែមីនាថា ការប្រមូលមកវិញនេះប៉ះពាល់ដល់រថយន្ត Cybertruck ទាំងអស់ដែលផលិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ពីការព្រួយបារម្ភថាបន្ទះដែកអ៊ីណុកខាងក្រៅរលុងអាចបង្កគ្រោះថ្នាក់ និងបង្កើនហានិភ័យដល់អ្នកបើកបរផ្សេងទៀត។ Tesla ជូនដំណឹងថា ម្ចាស់រថយន្តដែលរងផលប៉ះពាល់អាចយករថយន្ត Cybertrucks របស់ពួកគេទៅកាន់ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Tesla ដើម្បីធ្វើការផ្លាស់ប្តូរដោយឥតគិតថ្លៃ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រហែល ៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការលក់ខ្សោយនៅទូទាំងពិភពលោក ការព្រួយបារម្ភអំពីភាពជាអ្នកដឹកនាំ និងការទម្លាក់ចំណាត់ថ្នាក់អ្នកវិភាគ។ ជាពិសេសការចូលរួមរបស់ Elon Musk នៅក្នុងនយោបាយក្នុងតួនាទីជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងដឹកនាំក្រុមកាត់បន្ថយការងាររបស់រដ្ឋបាលដែលគេស្គាល់ថាជានាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក៏បានរួមចំណែកដល់ភាពមិនច្បាស់លាស់ និងការសង្ស័យរបស់វិនិយោគិនផងដែរ។
គួរជម្រាបថា ចាប់តាំងពីក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយរថយន្តភីកអាប់មិនធម្មតារបស់ខ្លួន (Cybertruck) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រថយន្ត Cybertruck ត្រូវបានញាំញីដោយបញ្ហាផលិតកម្ម និងបញ្ហាគុណភាពជាច្រើន។ គេហទំព័ររបស់ NHTSA ឆ្លុះបញ្ចាំងថាមានការប្រមូលមកវិញចំនួនប្រាំបួនរួចទៅហើយនៃ Cybertruck៕