(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានសហការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល ក្រោមវត្តមានរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃ CGCC, ធនាគារ FTB, និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងគោលបំណងប្រកាសជាផ្លូវការ នូវការពង្រីកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ លើការផ្តល់កម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ FTB ដល់សហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល និងអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ។
គម្រោងធានាឥណទានសម្រាប់វិស័យជលផល ក្រោយប្រមូលផលរបស់ CGCC ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទានដែលមានការធានាជូនដល់ក្រុមហ៊ុន/អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគំរូហិរញ្ញវត្ថុថ្មីមួយ របស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងមូលនិធិដោយ CGCC។
សហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល អាចដាក់ពាក្យស្នើសុំការគាំទ្រពីគម្រោង ISF លើជំនួយបច្ចេកទេស ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម ការលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងកញ្ចប់មូលនិធិរបស់គម្រោងគាំទ្រជាសម្ភារបរិក្ខារ ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលប្រតិបត្តិការអាជីវកម្ម ព្រមទាំងឥណទានអាជីវកម្មដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC រួមមានធនាគារ FTB ដែលបានចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលនេះជាមួយ CGCC។
លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ឲ្យដឹងថា៖ «CGCC មានសេចក្តីរីករាយដែលធនាគារ FTB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីមួយបន្ថែមទៀត ដើម្បីអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) របស់ CGCC។ ការចូលរួមរបស់ធនាគារ FTB នឹងធ្វើឱ្យការអនុវត្តកម្មវិធី ISF កាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ និងកម្ចីមានការធានា ដែលចាំបាច់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងស្តង់ដារអាជីវកម្មរបស់សហគ្រាស ដែលមានសក្តានុពលក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា»។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានមានប្រសាសន៍ឲ្យដឹងថា ៖ «ស្ថាប័នយើងទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន ពង្រីកកិច្ចសហការរួមគ្នា និងរំពឹងថា អាចជួយជំរុញនវានុវត្តន៍ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលប្រតិបត្តិការអាជីវកម្មដល់ក្រុមហ៊ុន ឬសហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល សម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការចូលរួមដ៏សកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងធនាគារ FTB ជាមួយ CGCC ចាប់តាំងពីឆ្នាំ ២០២១ ជាមួយការរំពឹងទទួលបានជោគជ័យ និងការរក្សាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័នទាំងពីរ»។
តាមរយៈកិច្ចព្រមព្រៀងលើគម្រោងធានាឥណទាន សម្រាប់វិស័យជលផលក្រោយប្រមូលផលនេះ CGCC និងធនាគារ FTB ប្តេជ្ញាចូលរួមចំណែកគាំទ្រសហគ្រាសស្ថិត ក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល សំដៅបង្កើនផលិតភាព ការអនុវត្តសុវត្ថិភាពម្ហូបអាហារ លើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីឈានចូលទីផ្សារថ្មីរួមទាំង ទីផ្សារអន្តរជាតិ កែលម្អប្រតិបត្តិការអាជីវកម្មឱ្យមានប្រសិទ្ធផល និរន្តរភាព និងបរិយាបន្ន។
សហគ្រាសជលផលក្រោយប្រមូលផល ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំកញ្ចប់ហិរញ្ញគាំទ្រការវិនិយោគ (ISF) ឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/