(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស​ Nvidia កំពុងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផលិតកុំព្យូទ័របារំាង Pasqal ដែលជាក្រុមហ៊ុនលេចធ្លោរបំផុតក្នុងវិស័យនេះ។ កិច្ចសហការនេះ ត្រូវបានគេឱ្យដឹងថានឹងរួមបញ្ចូលប្រព័ន្ធកុំព្យូទ័រ Quantum និងសេវាកម្ម Cloud របស់ Pasqal ជាមួយនឹងវេទិកា open-source របស់ NVIDIA គឺ CUDA-Q។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៥។

នាយកប្រតិបត្តិ Pasqal លោក Loic Henriet បាននិយាយថា «កិច្ចសហការរបស់យើងជាមួយ NVIDIA នឹងអាចឱ្យយើងផ្តល់ជូននូវចំណុចប្រទាក់ និងគំរូកម្មវិធីដែលបានស្នើរសុំច្រើនសម្រាប់ការគណនាដំណើរការខ្ពស់ និងសហគមន៍ quantum កាន់តែទូលំទូលាយ ហើយទីបំផុតបង្កើនល្បឿននៃការអភិវឌ្ឍន៍កម្មវិធី Quantum»។ Pasqal គឺជាក្រុមហ៊ុនកុំព្យូទ័រ quantum របស់បារាំង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ ចាប់តាំងពីបង្កើតរហូតមកទល់ពេលនេះមានអាយុកាល ៦ឆ្នាំមកហើយ នឹងទទួលបានហិរញ្ញប្បទានច្រើនជាង ១៤០លានអឺរ៉ូ (ប្រហែល ១៥១.៨លានដុល្លារ)។

គួរជម្រាបថា​ ទាក់ទិននឹងភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ CEO ក្រុមហ៊ុន Nvidia លោក Jensen Huang ក៏ទើបតែប្រកាសផងដែរថា Nvidia នឹងបើកមន្ទីពិសោធន៍ស្រាវជ្រាវ quantum computing នៅទីក្រុង Boston ជាកន្លែងដែលក្រុមហ៊ុនយក្សនេះ មានគម្រោងសហការជាមួយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts៕