(ភ្នំពេញ)៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមបរិច្ចាគឈាម ពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៥៦ នាក់ ដោយទទួលបានអំណោយ ឈាមប្រមាណ ៤៥៦ ប្លោក ។
កម្មវិធីនេះ ទទួលបានការចូលរួមក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត ។
លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ជាលើកទី ១១ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត្រ បានសហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងសាច់ញាតិអ្នកជំងឺ ដែលនេះបានបង្ហាញក្តីស្រឡាញ់ ដ៏ជ្រះថ្លាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ។ លោកក៏បានសម្តែងនូវអំណរគុណចំពោះ មូលនិធិ ២៥រៀល វីតាល់ ដែលបានចូលរួមជានិច្ចក្នុងការសហការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់មន្ទីរពេទ្យកាល់ម៉ែត ជារៀងរាល់ឆ្នាំ មិនដែលខកខាន ។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថាមូលនិធិ ២៥រៀល វីតាល់ នឹងបន្តបេសកកម្ម ចូលរួមឧបត្ថម្ភគាំទ្រជានិច្ច នូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សា សន្និធិឈាម សុវត្ថិភាព សម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះយើងខ្ញុំ សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ កម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុស ដើម្បីជាចលករជំរុញដល់វប្បធម៍ នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ ។
លោកស្រីបន្តថា ដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ វីតាល់ និងមូលនិធិ ២៥រៀល ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការ ពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សប្បុរសជន គឺជាការបង្កើតទម្លាប់ និងវប្បធម៌ នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃ នៅក្នុងសង្គមជាតិ ។ ការបរិច្ចាគឈាមមិន ត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺចាំបាច់ទៀតផង តួយ៉ាងមានអ្នកជំងឺ ត្រូវការឈាមជារៀងរាល់ ៦ នាទីម្តង ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីសោមន្ស នៃទឹកមមុខស្នាមញញឹម របស់សប្បុរសជនស្ម័គ្រចិត្ត បរិច្ចាគឈាម សបញ្ជាក់ពីការយល់ដឹង នូវគុណតម្លៃ នៃការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃ ។ លោកសាស្ត្រាចារ្យ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម និងជានិច្ចរបស់ មូលនិធិ ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំសកម្មភាពប្រចាំឆ្នាំ នៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិកនិងសប្បុរសជន នៃមន្ទីរពេទ្យកាលម៉ែត ។
គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់វីតាល់ អាចកើតឡើងក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះជីវិត អ្នកជំងឺដែលត្រូវការឈាមបន្ទាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕«វីតាល់មោទនភាព ផលិតផលជាតិ» ៕