(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ឬហៅកាត់ថា (គ.ច.យ.ខ.ព) នៅថ្ងៃទី២១ ខែមីនានេះ បានបន្ដរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម នៅសាលាកីឡាគុណធម៌ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលគ្រោងប្រព្រឹត្តទៅ ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចខាងលើ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ ដើម្បីពង្រឹងសមត្ថភាព និងការអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរ និងពិនិត្យចំណុចខ្វះខាតពីការរៀបចំការប្រកួតឆ្នាំមុន ដើម្បីដោះស្រាយនាពេលនេះ ក៏ដូចជាអភិវឌ្ឍចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការរៀបចំ បទបញ្ជាការប្រកួតកាន់តែល្អជាងមុន។
លោកបន្ដថា «វគ្គនេះមាន អាជ្ញាកណ្ដាល ចៅក្រម មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធក្រមខម សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា សរុប ៦០រូប។ វគ្គនេះនឹងមានការប្រឡងប្រជែងក្នុងការទទួលយកសញ្ញាបត្រ វគ្គអាជ្ញាកណ្ដាលកម្រិតទី១ មិនមែនឲ្យតែមករៀន ដឹងតែជាប់ទេ។ ការសិក្សាចែកចេញជា៖ ទី១-ទ្រឹស្ដីអំពីយុទ្ធគុន បទបញ្ជាការប្រកួត និងបទបញ្ញត្តិផ្សេងៗទៀតរបស់យុទ្ធគុនចម្រុះខ្មែរបុរាណ។ ទី២-ការអនុវត្តលើទីលានរបស់ អាជ្ញាកណ្ដាល ចៅក្រម និង របៀបដាក់ពិន្ទុ។ ទី៣-ផ្ដោតលើចរិយាធម៌ និងសីលធម៌របស់ អាជ្ញាកណ្ដាល ចៅក្រម ប្រកាន់យកភាពសុចរិត ទៀងត្រង់ យុត្តិធម៌ តម្លាភាព មិនលម្អៀង ចៀសឆ្ងាយពីភាពអគតិទាំង៤»។
វគ្គបណ្ដុះបណ្ដាលនេះដែរ មានគ្រូឧទ្ទេស ៥រូប ដែលមានបទពិសោធន៍រៀបចំការប្រកួតកន្លងមក ហើយការសិក្សាមានរយៈពេល ២ថ្ងៃ ពោលគឺនឹងបញ្ចប់នៅល្ងាចថ្ងៃទី២២ ខែមីនា។ សិក្ខាកាមដែលទទួលបានជោគជ័យក្នុងការប្រឡង នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ ហើយអ្នកជាប់នឹងមានសិទ្ធិចូលរួមរៀបចំការប្រកួតទាំងព្រឹត្តិការណ៍គុនចម្រុះ (MMA) និង យុទ្ធគុនចម្រុះខ្មែរបុរាណ។
ជាមួយគ្នាលោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ការឧបត្ថម្ភ និងអនុញ្ញាតឲ្យមានការរៀបចំវគ្គអាជ្ញាកណ្ដាលចៅក្រមនេះកើតឡើង ហើយវគ្គសិក្សានេះនឹងមានជាថ្មីពេលជិតដល់ការប្រកួតជាផ្លូវការ ខណៈកាលពីដើមខែមករាកន្លងទៅ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានអនុញ្ញាតឲ្យគណៈកម្មការចំពោះកិច្ច រៀបចំសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណប្រមាណ ៧០នាក់ មកពីទូទាំងប្រទេសផងដែរ៕