(ឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស យកបាន ៣ពិន្ទុពីគូប្រជែងអាល់បានី តាមរយៈលទ្ធផលឈ្នះ ២ទល់នឹង០ នាយប់មិញ នៃការប្រកួតបើកឆាកជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប UEFA ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មី លោក Thomas Tuchel ផងដែរ។

បុរសសញ្ជាតិអាល្លឺម៉ង់ Tuchel មានក្តីរំភើប ចំពោះការចាប់ផ្តើមដ៏ល្អនេះដែរ ប៉ុន្តែក៏បានជំរុញកូនក្រុមបន្ថែមទៀតដែរ ដើម្បីធ្វើជាក្រុមប្រកបដោយគ្រោះថ្នាក់ជាងនេះទៀត។

លោកថា «ពួកយើងអាចធ្វើឱ្យល្អជាងនេះទៀត។ យើងដាច់ខាតត្រូវតែធ្វើឱ្យបានល្អបំផុត។ ពួកយើងបានចាប់ផ្តើមយ៉ាងល្អ។ ៧-៨នាទីដំបូង យើងធ្វើបានល្អ ១០០% ទាំងការគ្រប់គ្រងបាល់ បញ្ជូនបាល់ និងប្រកបដោយថាមពលខ្ពស់ទៀតផង»

២គ្រាប់នៅកីឡដ្ឋាន Wembley នោះដែរ ជាការធ្វើបានពីសំណាក់កីឡាករចំណូលថ្មី Lewis-Skelly ក្នុងវគ្គទី១ មុនពេលប្រធានក្រុម Harry Kane ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៧៧ ដើម្បីរួមចំណែកជួយអង់គ្លេស អតីតម្ចាស់ជើងឯក World Cup តែ ១លើកគត់កាលឆ្នាំ១៩៦៦ ឡើងទៅឈរទីកំពូលតារាងនៃពូល K ជាបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុស្មើគ្នាជាមួយឡាត់វី ដែលបានយកឈ្នះអង់ដូរ៉ានាយប់មិញនេះដែរ៕