(លីវើភូល)៖ កីឡាករចាំទី Alisson Becker បានវិលត្រឡប់មកកាន់ក្លិប Liverpool វិញ ក្រោយពេលរងរបួសនាអំឡុងជួយជម្រើសជាតិសាំបាប្រេស៊ីល លេងឈ្នះកូឡុំប៊ី ២-១ កាលពីថ្ងៃសុក្រម្សិលមិញ ជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា Alisson ត្រូវបានប្តូរចេញ នៅមុនពេលខ្វះ ១២នាទីដល់ម៉ោងបញ្ចប់ការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ី ក្រោយពេលប៉ះទង្គិចគ្នាជាមួយអតីតកីឡាករ Tottenham Hotspur គឺ Davinson Sanchez របស់ក្រុមភ្ញៀវកូឡុំប៊ី។

បច្ចុប្បន្នកីឡាករចាំទីវ័យ ៣២ឆ្នាំរូបនេះបានធ្វើដំណើរមកដល់ទីក្រុង Liverpool ប្រទេសអង់គ្លេសវិញហើយ ដើម្បីបានក្រុមវេជ្ជបណ្ឌិតរបស់ក្លិបធ្វើការពិនិត្យ និងព្យាបាល។

បើយោងតាមក្រុមវេជ្ជបណ្ឌិត Rodrigo Lasmar របស់ក្រុមប្រេស៊ីលបានបញ្ជាក់ក្រោយចប់ការប្រកួតថា «Alisson បានរងរបួសក្បាល ដែលទាមទារនូវការតាមដាន និង protocol របស់សហព័ន្ធ CBF ជាមួយនឹងការធ្វើតេស្តផងដែរ»

នេះមានន័យថា Alisson នឹងខកខានជួយប្រេស៊ីល លេងទល់នឹងអាហ្សង់ទីន នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ក៏ប៉ុន្តែ Liverpool សង្ឃឹមថា រូបគេអាចលេងបានពេលចប់កាតព្វកិច្ចជម្រើសជាតិ ដែលត្រូវប៉ះ Everton នៅកីឡដ្ឋាន Anfield ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ដែលពួកគេបានកំពុងនាំមុខទីកំពូលតារាង Premier League ដាច់ ១២ពិន្ទុ និងនៅសល់ ៩ប្រកួតទៀត៕