(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចដកឈ្មោះក្លិបអាជីព Leon ចេញពីការប្រកួត Club World Cup 2025 នាអំឡុងខែមិថុនា-កក្កដា នៅសហរដ្ឋអាមេរិក ដោយសារក្លិបលេងក្នុងលីគកំពូលមិចស៊ិកមួយនេះ មានភាគហ៊ុនច្រើនលេងក្នុងកម្មវិធីនេះ។

មុនការឈានដល់ដក Leon ចេញនេះ បន្ទាប់ពី FIFA បានរកឃើញថា ក្លិបមកពីប្រទេសមិចស៊ិកមួយនេះ មានម្ចាស់របស់គេមានភាគហ៊ុនកាន់កាប់ទាំងក្នុងក្លិប Pachuca ដែលមានវត្តមានក្នុងកម្មវិធី ៤ឆ្នាំម្តងនេះដែរ ទោះជាស្ថិតក្នុងសិទ្ធិដោយផ្ទាល់ និងដោយប្រយោលក្តី ដែលខុសច្បាប់របស់ស្ថាប័នកំពូលខាងលើបានចងក្រង។

Leon ដែលបានឈ្នះជើងឯកពានប្រចាំតំបន់អាមេរិកខាងជើង Concacaf Champions Cup កាលឆ្នាំ២០២៣ ត្រៀមលេងទល់នឹងតោខៀវ Chelsea ពីការប្រកួតបើកឆាករបស់ពួកគេនៅ Club World Cup 2025 ដែលមាន ៣២ក្រុមចូលរួមចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា នៅអាមេរិកតែមួយគត់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានឱ្យដឹងថា ក្លិបទាំងពីររួមមាន Leon និង Pachuca ត្រូវបានគ្រប់គ្រងដោយ ក្រុមហ៊ុន Grupo។ ពួកគេនឹងប្រកាសបេក្ខភាពជំនួសកៅអី Leon នាពេលដ៏ខ្លីខាងមុខ គ្រាដែល Leon ដែលត្រូវបានដកឈ្មោះចេញនោះ ក៏ត្រៀមធ្វើការប្តឹងជំទាស់ដែរ។

បើយោងតាមអ្នកនាំពាក្យ FIFA បានថ្លែងថា «FIFA បានកត់សម្គាល់ចំពោះសេចក្តីសម្រេច ពីគណៈកម្មាធិការ ជុំវិញដណើរការប្រកបដោយឯករាជ្យនេះ»