(ភ្នំពេញ)៖ ក្រុមបាល់ទាត់ វិសាខា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិអារូបា នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមីនានេះ នៅកីឡដ្ឋានព្រីនស៍ ។ ជំនួបមិត្តភាពអន្ដរជាតិនេះ ធ្វើឡើង ៣ថ្ងៃមុន ក្រុមអារូបា ត្រូវជួបក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិកំឡុងថ្ងៃ FIFA Day នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។

លោក Tunji Ayoyinka Akeeb បានសម្ដែងក្ដីរីករាយជាមួយការប្រកួតមិត្តភាពអន្ដរជាតិ ដោយលោកបានចាត់ទុកជាការរៀបចំមួយដ៏ល្អ សម្រាប់ត្រៀមបន្ដការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ត្រឡប់មកវិញ នាពេលឆាប់ៗ ។ លោកសង្ឃឹមថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ទោះបីកីឡាករសំខាន់ៗ ៦រូប ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិក៏ដោយ ។

លោកបន្ដថា «ខ្ញុំពិតជារំភើប និងទន្ទឹងរង់ចាំការប្រកួតនេះ ហើយខ្ញុំក៏អរគុណដែរ សម្រាប់ការរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា ដែលជាក្រុមមួយរៀបចំបានល្អ ។ ការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមយើង ក្នុងការរៀបចំខ្លួនពេលលីគត្រឡប់មកវិញ ហើយក៏ជាឱកាសមួយ សម្រាប់ខ្ញុំធ្វើការសាកល្បងកីឡាកររបស់យើងផងដែរ ។ ក្រុមទាំងមូល ពួកគាត់បានត្រៀមខ្លួនរួចរាល់ ហើយខ្ញុំសង្ឃឹមថា ការប្រកួតនេះ កូនក្រុមរបស់ខ្ញុំ នឹងបង្ហាញខ្លួនបានល្អ»

«ពិតណាស់ យើងមានកីឡាករសំខាន់មួយចំនួន ត្រូវបានកោះហៅទៅជម្រើសជាតិកម្ពុជា ប៉ុន្ដែយើងក៏នៅសល់កីឡាករមានគុណភាពជាច្រើនទៀត ។ អ៊ីចឹងខ្ញុំសង្ឃឹម និងជឿជាក់ថា កីឡាករដែលយើងមានប៉ុន្មានសព្វថ្ងៃនេះ គាត់នឹងអាចបោះជំហានចូលទៅទីលាន ហើយអាចបង្ហាញខ្លួនបានល្អដូចគ្នា ។ ខ្ញុំអត់សូវបារម្ភចំពោះរឿងកាយសម្បទាក្រុមរបស់ក្រុមជម្រើសជាតិអារូបាទេ ព្រោះក្រុមខ្ញុំ ក៏ជាក្រុមមានសមត្ថភាពខ្លាំងដែរ ហើយពួកយើងក៏រៀបចំខ្លួនបានល្អដែរ» ។ លោក Tunji បន្ថែម ។

ជាមួយគ្នាលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា និងកីឡាករ Matthew Lentink បានសម្ដែងក្ដីរីករាយដូចគ្នា សម្រាប់ការមកប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា ពិសេសការជួបក្រុមវិសាខា ដែលជាការត្រៀមមួយដ៏ល្អសម្រាប់ក្រុមខ្លួន ត្រៀមជួបក្រុមជម្រើសជាតិកម្ពុជា នាពេលខាងមុខ ។ លោកថា វិសាខា មានកីឡាករល្អៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ។ ដូច្នេះលោកសង្ឃឹមថា នឹងតទួលបានបទពិសោធន៍ដ៏ល្អពីការប្រកួតមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋានស្ដង់ដារ នាល្ងាចនេះ ៕