(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា មានក្តីរំពឹងថាអាចចម្រាញ់បានកីឡាករថ្នាលឆ្នើមៗ ជាច្រើនពីការប្រកួតពានរង្វាន់ YONEX Main Vision (YMV) Championship 2025 ក្រោយមានសន្ទុះការចូលរួមច្រើនពីកីឡាករ-កីឡាការិនីវ័យក្មេង ក្នុងព្រឹត្តិការណ៍លក្ខណៈមហាជននេះ។
សម្រាប់ការប្រកួតនេះដែរ បានរៀបចំឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបែងចែកជា ២ប្រភេទអាយុប្រកូត រួមានអាយុក្រោម ១២ ដល់ ១៥ឆ្នាំ មានចំនួន ៨១នាក់ និងក្រុមអាយុ ១៨ឆ្នាំឡើង មានចំនួន ១១០នាក់ ដែលសរុបទាំងកីឡាករ-កីឡាការិនីមានចំនួន ១៩១នាក់ ។
លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «ការប្រកួតលើនេះ មានកំណើនអ្នកចូលរួមច្រើនទ្វេដង ដែលធ្វើឲ្យសហព័ន្ធ និងក្រុមហ៊ុនខិតខំជាខ្លាំង ក្នុងការរៀបចំដើម្បីឆ្លើយតបសន្ទុះការចូលរួមដ៏ផុសផុលនេះ ។ តាមរយៈសន្ទុះការគាំទ្រ និងការចូលរួមដ៏ច្រើន ទាំងក្លិប និងកីឡាករ-កីឡាការិនីនេះ ខ្ញុំសង្ឃឹមថា ការប្រកួតនេះ យើងអាចរើសបានក្រុមថ្នាលល្អៗចូលរួមជាមួយក្រុមថ្នាលជាតិ» ។
លោកបន្ថែមទៀតថា «គោលបំណងនៃការប្រកួតនេះ យើងផ្ដោតលើក្រុមថ្នាលអាយុ ១២ឆ្នាំ ដែលជាបំណងសំខាន់របស់សហព័ន្ធ និងដៃគូ ដែលចង់បណ្ដុះថ្នាលបន្ដវេន សម្រាប់អ្នកមានសមត្ថភាព និងទេពកោសល្យល្អ ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលយើងត្រូវត្រៀមពីឥលូវទៅ» ។
ក្នុងនាមសហព័ន្ធ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់របស់លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោកថា សហព័ន្ធមានផែនការបន្ដកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ ដើម្បីរៀបចំការប្រកួតនេះជាបន្ដទៀត ដើម្បីធានាបាននូវការជ្រើសរើសថ្នាល ក៏ដូចជាកីឡាករ-កីឡាការិនីបន្ដវេនដ៏មានសក្ដានុពល សម្រាប់ត្រៀមការប្រកួតប្រជែងលើឆាកជាតិ និងអន្ដរជាតិនាថ្ងៃអនាគត ៕