(ភ្នំពេញ)៖ និស្សិតបញ្ចប់ថ្នាក់វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ឥឡូវនេះអាចរៀបចំប្រវត្តិរូបសង្ខេបដាក់ពាក្យសម្ភាសន៍ផ្ទាល់ ដើម្បីចូលរួមកម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការ របស់ធនាគារ វីង។ ធនាគារ វីង (ខេមបូឌា) ម.ក នឹងធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង និងបន្ទាយមានជ័យនាសប្តាហ៍ក្រោយ ក្នុងយុទ្ធនាការជ្រើសរើសយុវជនដោយផ្ទាល់ សម្រាប់ការចូលរួមកម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ខ្លួន ដែលផ្តល់ឱកាសយ៉ាងពិសេស ទៅដល់យុវជនសម្រេចសក្តានុពលលេញ តាមរយៈចំណេះដឹងអនុវត្តជាក់ស្តែង និងជំនាញចាំបាច់នានា ដើម្បីតម្រង់ទិសអាជីពការងាររបស់ពួកគេ។

កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាលល័យចំនួន២ ក្នុងខេត្តបាត់ដំបងរួមមាន សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ ក្រុមការងារធនាគារ វីង នឹងបន្តដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៥ ដែលនឹងរៀបចំនៅសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យជាតិមានជ័យ។ បេសកកម្មរយៈពេល៤ថ្ងៃនេះ នឹងអនុញ្ញតឲ្យសិស្សដែលប្រឡងជាប់បាក់ឌុប ឬកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ អាចជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយក្រុមការងារនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង សម្រាប់ការចូលរួមកម្មសិក្សារយៈពេល៦ខែ ក្នុងមុខតំណែងជាង៤០០កន្លែង។

បេក្ខជនទាំងអស់ ត្រូវបានលើកទឹកចិត្តសម្រាប់ការត្រៀមខ្លួនឱ្យបានរួចរាល់ទុកជាមុន ក៏ដូចជាស្វែងយល់ពីតួនាទី និងមុខតំណែងដែលខ្លួនចាប់អារម្មណ៍ ហើយរៀបចំខ្លួនឱ្យបានរៀបរយសម្រាប់ពេលសម្ភាសន៍។

កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ធនាគារ វីង ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតដល់សិក្ខាកាម ទទួលបាននូវការបណ្តុះបណ្តាលយ៉ាងទូលំទូលាយទាំងជំនាញទន់ និងជំនាញបច្ចេកទេសនានា សម្រាប់ការចូលរួមបំពេញតួនាទីជាច្រើនមុខតំណែងផ្សេងៗគ្នា នៅក្នុងធនាគារ វីងដែលរួមមាន បុគ្គលិកផ្នែកប្រឹក្សាសេវាធនាគារ បុគ្គលិកប្រតិបត្តិការនៅតាមសាខា បេឡាករ មន្ត្រីផ្នែកសេវាកម្មអតិថិជន មន្ត្រីប្រឹក្សាសេវាកម្មអតិថិជន និងមន្ត្រីផ្នែកវិភាគទិន្នន័យជាដើម។

លើសពីឱកាសហាត់ការងារ ធនាគារ វីង ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ប្រាក់លើកទឹកចិត្តសម្រាប់ការធ្វើដំណើរ កញ្ចប់ធានារ៉ាប់រងរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីធានាថាសិក្ខាកាមទាំងអស់ អាចផ្តោតលើការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ពួកគេទាំងស្រុង។ លើសពីនេះ ធនាគារ វីង នឹងសិក្សាពីលទ្ធភាពផ្តល់កម្ចីសម្រាប់សិក្ខាកាម ដែលបន្តការិសក្សានៅតាមសាកលវិទ្យាល័យ និងកម្ចីសម្រាប់ការទិញម៉ូតូ ដែលជាផ្នែកមួយនៃការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការនេះ មិនត្រឹមតែផ្តល់នូវបទពិសោធន៍ និងការបណ្តុះបណ្តាលដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជំនួយផ្នែកហិរញ្ញវត្ថុ ដែលចាំបាច់ដើម្បីជួយអ្នកហាត់ការមានតុល្យភាពរវាងការងារ និងការសិក្សា។ សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR Code ខាងក្រោម ឬទាក់ទងក្រុមការងារនៃនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង តាមរយៈទូរសព្ទលេខ ០៧៨ ៧០៩ ៦០៦។ សម្រាប់បច្ចុប្បន្នភាពជាបន្តបន្ទាប់ របស់កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការរបស់ធនាគារ វីង សូមតាមដានទំព័រ ហ្វេសប៊ុកផ្លូវការ និងឆានែលតេលេក្រាមរបស់ Wingers Life and Careers៕

ស្កែនទីនេះដើម្បីដាក់ពាក្យ និងសាកសួរព័ត៌មានផ្សេងៗ៖