(ភ្នំពេញ)៖ ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខានាគវ័ន្ត ទីតាំងស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យដំណើរការឡើងវិញជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
ការដាក់សម្ពោធឲ្យដំណើរការឡើងវិញធ្វើឡើងក្រោមអធិបតីភាព លោក ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ដំណាងដ៏ខ្ពងខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល។ លោក ទុន ត្រៃ សុរាដ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា)។ លោក ណាត់ថៈភុ´ង កែវត្រៈគូនភុង អគ្គនាយកក្រុមហ៊ុន ភីធីធី(ខេមបូឌា)។
ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខានាគវ័ន្ត បាន បើក ដំណើរការចាប់ តាំង ពី ឆ្នាំ ១៩៩៦ ជា ស្ថានីយ ភីធីធី ទី២ របស់ក្រុមហ៊ុន ដំបូងគេនៅ កម្ពុជា គ្រប់គ្រងនិងដំណើរការដោយ តំណាងចែកចាយ ហើយបានបានទិញ ប្រេង ពី ក្រុមហ៊ុន ភីធីធីនៅ ប្រទេស ថៃ មក លក់ ហើយប្រើប្រាស់ពាណិជ្ជនាម-សញ្ញា ភីធីធី។ បន្ទាប់ មកនៅ ឆ្នាំ ២០១៣ ស្ថានីយនេះបានផ្លាស់ប្តូរពីតំណាងចែកចាយ មកគ្រប់គ្រង និងដំណើការ ដោយក្រុមហ៊ុនផ្ទាល់វិញ ដែលហៅថា Company Owned Company Operate ឬ COCO។ បន្ទាប់ពីបើកដំណើរការ និងផ្តល់សេវាកម្មជូនអតិថិជនអស់ រយៈពេលជាង ២៥ ឆ្នាំ ដោយមានការផ្លាស់ប្តូរបរិបទអាជីវកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ ដែលមានស្តង់ដាខ្ពស់ ។ កាលពីដើមឆ្នាំ ២០២៤ ស្ថានីយប្រេងឥន្ធនៈ ភីធីធី នាគវ័ន្ត ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដើម្បីធ្វើការជួសជុលកែលម្អទ្រង់ទ្រាយធំ និងរៀបចំរចនាស្ថានីយឡើងវិញក្នុងរូបរាងថ្មី មានភាពស្រស់ស្អាតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការពង្រីកនូវចំណតរថយន្ត កែលម្អច្រកចេញ-ចូល ឱ្យកាន់តែមានភាពងាយស្រួលជាងមុន រួមទាំងបន្ថែមស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី EV Station Pluz រួមជាមួយអគារសម្រាប់អាជីវកម្ម Lifestyle ជាច្រើន ដែលរចនាឡើង មានកម្ពស់ ០២ ជាន់ដ៏ប្រណិត សម្រាប់ពង្រីកទំហំហាងកាហ្វេ Café Amazon អោយមានទីធ្លាធំទូលាយ ព្រមទាំងមានបន្ថែមនូវ អាជីវកម្មថ្មីៗជាច្រើនទៀត ក្នុងនោះក៏មានហាងបោកគក់ទំនើប Otteri Wash & Dry ហាងទំនិញ 7-ELEVEN ផងដែរ ។
ក្នុងឧកាសនោះដែរ លោក ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានថ្លែងអបអរសារទរ ការបើកសម្ពោធឲ្យដំណើរការឡើងវិញជាផ្លូវការ នៃស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខានាគវ័ន្ត ។ ហើយលោកក៏បានបង្ហាញពីចក្ចុសវិស័យ របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើឲសម្រេចបាននូវភាពល្អប្រសើរបំផុតនូវការគ្រប់គ្រង និងប្រើប្រាស់សក្តានុពលប្រេងកាត និងផលិតផលប្រេងកាតនៅក្នុងប្រទេស ដើម្បីលើកកម្ពស់វឌ្ឍភាពសង្គម ធានាសុខមាលភាពសារធារណៈ សន្តិសុខ និងសុវត្ថិភាព។ សកម្មភាពផ្នែកដោនស្រ្ទីមនៃវិស័យប្រេងកាតបានកំពុង បំពេញតម្រូវការនៃការកើនឡើងសេដ្ឋកិច្ចជាតិ អាជីវកម្មបើកស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមានការកើនឡើងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះចំនួនស្ថានីយទូទាំងប្រទេសទាំងអស់សរុបចំនួន ៦១៨៦ ក្នុងនោះស្ថានីយរបស់ក្រុមហ៊ុនភីធីធី ខេមបូឌា មាន ចំនួន ១៨៧ និងហាងកាហ្វេ អាម៉ាហ្សូន មានចំនួន ២៥៤ កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងជាដៃគូរវិនិយោគបរទេសមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា»។
លោកបញ្ជាក់ទៀតថា ក្រសួងរ៉ែ និងថាមពល នឹងបន្តគាំទ្រសហការ និងជួយសម្របសម្រួលដល់ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងសកម្មភាពធុរកិច្ចផ្នែកដោនស្រ្ទីមរបស់ខ្លួនបន្ថែមទៀត។
ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ទុន ត្រៃ សុរាដ បានលើកឡើងដែរថា «ស្ថានីយប្រេងឥន្ធនៈ ភីធីធី មានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងស្តង់ដាររបស់ខ្លួន។
ភីធីធី មិនត្រឹមតែជាស្ថានីយប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអតិថិជនចំណាយពេលវេលា ប្រកបដោយគុណភាព ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិបន្ទាប់ពីបើកបរផ្លូវឆ្ងាយ ជាមួយនឹងសេវាកម្មផ្សេងៗរួមមានអាហារ និងភេសជ្ជៈ។ ការរីកចម្រើន និងភាពជោគជ័យបង្ហាញឱ្យឃើញថា ភីធីធី នឹងបន្តក្លាយជាជើងឯក ក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួន ជាមួយនឹងស្តង់ដារគុណភាព។ ហើយពិធីសម្ពោធស្ថានីយ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់អាជីវកម្មរបស់ ភីធីធី នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់មួយទៀតក្នុងការរួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា) បានបញ្ជាក់ផងដែរថា «ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ OR (អូអា) ដោយយើងមើលឃើញពីសក្តានុពលរបស់កម្ពុជាទាក់ទងនិងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងឱកាសអាជីវកម្មសម្រាប់វិនិយោគិនបរទេស។ OR មានបំណងធ្វើឱ្យកម្ពុជាក្លាយជា Second Homebase របស់ OR បន្ទាប់ពីប្រទេសថៃ។ ដោយក្នុងនោះក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងក្លាយជាប្រតិបត្តិករដ៏សំខាន់ក្នុងការនាំយកអាជីវកម្មរបស់ OR មកកាន់ទីផ្សារកម្ពុជា។ យើងជឿជាក់ថា ក្រុមហ៊ុនយើង នឹង ក្លាយ ជា យន្តការ សំខាន់ មួយ ក្នុង ការ ជួយ ពង្រឹង វិស័យថាមពល និង សេដ្ឋកិច្ច មកកាន់ប្រទេស កម្ពុជាបាន»។
អ្នកអង្គម្ចាស់ ក៍បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស និងសង្ឃឹមយ៉ាងមុតមាំថា ទាំងអស់គ្នានឹងជួយគាំទ្រដល់អាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ទាំងអាជីវកម្មប្រេង និង អាជីវកម្ម Lifestyle រួមទាំងផលិតផលប្រេងសម្រាប់ឧស្សាហកម្ម ផលិតផលប្រេងរំអិល ហើយនិងផលិតផលថ្មី ៗ របស់យើងដូចជា ហ្គាស (LPG) និង កៅស៊ូថ្នល់ (Asphalt) បន្ថែមទៀតនាពេលអនាគត។
លោក ណាត់ថៈភុ´ង កែវត្រៈគូនភុង អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ផងដែរថា «ភាពជោគជ័យ ដែល ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អាចសម្រេច បានមក ដល់ ចំណុច នេះគឺសុទ្ធសឹងតែជាសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្រុមហ៊ុន បានរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ថែមទាំងជួយជំរុញសក្តានុពលនៃវិស័យទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាផងដែរ លើសពីនេះ វត្តមានរបស់ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានជួយបង្កើតឱកាសការងារ ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលបានលើកស្ទួយកម្រិតជីវភាពប្រជាជនព្រមទាំងវិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ»។
លោកបានថ្លែង អបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយឆ្នាំនេះក៏ជាឆ្នាំនៃភាពជោគជ័យរបស់ក្រុមហ៊ុន បន្ថែមមួយជំហានទៀត ដែលបានបើកដំណើរអាជីវកម្មអស់រយៈពេល ៣០ ឆ្នាំនៅក្នុងប្រទេសជាមិត្តមួយនេះ។ ជាពេលវេលាដែលពោរពេញទៅដោយការអភិវឌ្ឍ ការរៀនសូត្របន្ថែម និងការរីកចម្រើនគ្មានទីបញ្ចប់។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) មានស្ថានីយប្រេងឥន្ធនៈសរុបចំនួន ១៨៧ ស្ថានីយ ហើយក្រុមហ៊ុនគ្រោងនឹងបើកស្ថានីយប្រេងឥន្ធនៈឱ្យដល់ ២០០ ស្ថានីយ នៅទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ហើយក្រុមហ៊ុន បាន ត្រៀម ខ្លួន រួចជា ស្រេច ក្នុង ការ ផ្តល់ ជូននូវផលិតផល និងសេវា កម្មទៅកាន់ អតិថិជននៅ គ្រប់ តំបន់ ទូទាំង ប្រទេស ជាមួយការនឹងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាព ស្របតាមស្តង់ដា EURO 5 ដែលសាកសមបំផុតសម្រាប់យានយន្តគ្រប់ប្រភេទ ថែមទាំងល្អសម្រាប់បរិស្ថាន បរិមាណគ្រប់លីត្រ ព្រមជាមួយសេវាកម្មដ៏ល្អបំផុត ក្រៅពីនេះយើងក៏មានអាជីវកម្មផ្សេងទៀតសម្រាប់បម្រើតម្រូវការអតិថិជនគ្រប់រូបផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ ដៃគូអាជីវកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយ ក្រុមហ៊ុន ប្តេជ្ញាក្នុងការបន្តផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវអតិថិជនទូទាំងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ៕