(ភ្នំពេញ)៖ នៅក្នុងឱកាសសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៤ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ប៊ែលធី គ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន១៥ចំណុច ។

ទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៥ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន ១៥ចំណុច រួមមាន៖

១- ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ និងយន្តការគ្រប់គ្រង ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
២- អនុវត្តគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដោយថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) ស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ
៣- គោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមាន ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្រប តាមការរីកចម្រើន របស់ក្រុមហ៊ុន និង ការអភិវឌ្ឍរបស់ប្រទេសជាតិ
៤- អភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) ទាំងសាលា (SMS) និងសាកលវិទ្យាល័យ (UMS) ព្រមទាំងប៊ែលធី គ្រុប ឱ្យបានកាន់តែល្អ ប្រសើរបន្ថែមទៀត ដើម្បីបន្តទៅបង្កើត Student Portal ឱ្យបានរួចរាល់
៥- ពង្រឹងការងារគ្រប់គ្រង ចំណូល-ចំណាយ ឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
៦- បន្តយន្តការត្រួតពិនិត្យ តាមដានការ អនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និង គោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះ ឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៧- អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៨- ពង្រឹងការគោរពវិន័យសិស្ស-និស្សិតនៅគ្រប់កម្រិត-ថ្នាក់ ជាពិសេស អវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៩- បើកថ្នាក់បំប៉នជូនសិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបចាប់ពី ៩០% ឡើងទៅ និងទទួលបានសិស្សនិទ្ទេស A កាន់តែច្រើនបន្ថែមទៀត ។ ហើយសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ ។
១០- បន្តលើកទឹកចិត្តជ្រើសរើសសាស្រ្តាចារ្យ-គ្រូពេញម៉ោង (Full-Time) ដោយផ្តល់ឱកាសឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍ និងដំឡើងតួនាទី (Promote) តាមលំដាប់ថ្នាក់/កម្រិត រហូតជាសាស្ត្រាចារ្យ (Lecturer) ឬគណៈគ្រប់គ្រងសាខា និងការិយាល័យផ្សេងៗ
១១- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
១២- ជំរុញការផ្សព្វផ្សាយ និងទទួលស្វាគមន៍និស្សិតថ្មីឱ្យចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយអាចជ្រើសរើសជំនាញ និងមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលមាន ១៣មហាវិទ្យាល័យ និង ៤៥មុខជំនាញ
១៣- ពង្រឹងសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ តាមរយៈការបើកវគ្គបណ្តុះបណ្តាល (On the job training) ដើម្បីឱ្យក្លាយខ្លួនជាអ្នកអាជីព (Train to be professional)
១៤- បន្តបើកថ្នាក់ភាសាចិនចាប់ពីកម្រិត Preschool ដល់ Level 12 សម្រាប់ផ្នែកសាលា និងពង្រឹងមហាវិទ្យាល័យចិននៅសាកលវិទ្យាល័យ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១៥- ខិតខំពង្រឹង ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ឱ្យដំណើរការកាន់តែល្អបន្ថែមទៀត ៕