(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអារូបា បានបរាជ័យក្រោមថ្វីជើងក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋានព្រីនស៍ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ មុនជួបក្រុមជម្រើសជាតិកម្ពុជា នាដើមសប្ដាហ៍ក្រោយ។
ជំនួបមិត្តភាពអន្ដរជាតិនេះ វិសាខា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិអារូបា ៣គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Ramon ២គ្រាប់ នៅនាទី១៤ និងនាទី៥៧ និងកីឡាករ Mike Ott ១គ្រាប់ នៅនាទី១៩ ។ បន្ទាប់មកទើបកីឡាករ Jaybrien Romano រកបាន ១គ្រាប់ឲ្យក្រុមជម្រើសជាតិអារូបាវិញ នៅនាទី៦៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុមលីគកំពូលកម្ពុជាខាងលើ ក្រុមជម្រើសជាតិអារូបា នឹងមានភារកិច្ចសំខាន់មួយទៀត ដោយត្រូវជួបក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕